(បាងកក)៖ នៅថ្ងៃអាទិត្យនេះ ប្រទេសថៃបានប្រកាសពី ការរកឃើញករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន៣,៩៩៥នាក់ និងស្លាប់៤២នាក់ បន្ថែមទៀត។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន The Nation នៅថ្ងៃអាទិត្យ ទី២៧ ខែមិថុនា ឆ្នាំ២០២១។
ក្នុងចំណោមករណីឆ្លងថ្មីៗទាំងនោះ មាន៤៥នាក់ ជាអ្នកទោសនៅតាមពន្ធនាគារ និង៣៥នាក់ ជាអ្នកទើបត្រឡប់មកពីក្រៅប្រទេស ហើយទីក្រុងបាងកករកឃើញច្រើនជាងគេ គឺ១,៣៧០នាក់។ បន្ទាប់មកទៀត រួមមានខេត្ត Samut Sakhon ដែលរកឃើញ២៨៩នាក់, ខេត្ត Samut Prakan រកឃើញ២៣១នាក់, ខេត្ត Nonthaburi រកឃើញ១៩៥នាក់ និងខេត្ត Pattani រកឃើញ១៨៩នាក់។ ក្នុងថ្ងៃដដែលនេះ ថៃក៏បានរាយការណ៍ពីអ្នកទើបជាសះស្បើយ ចំនួន២,២៥៣នាក់ផងដែរ។
គួរបញ្ជាក់ថា សរុបមក ចំនួនករណីឆ្លង COVID-19 នៅទូទាំងប្រទេសថៃ បានបន្តកើនដល់២៤៤,៤៤៧នាក់ ក្នុងនោះ១,៩១២នាក់ស្លាប់ និង១៩៨,៩២៨នាក់ ជាសះស្បើយឡើងវិញ។ រីឯយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺនេះ ថៃសម្រេចបាន៩.០៥លានដូស៕