(ហ្សឺណែវ)៖ អង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃសុក្រសប្តាហ៍នេះ បានថ្កោលទោសចំពោះភាពបរាជ័យ នៃពិភពលោកទាំងមូល នៅក្នុងការចែកចាយវ៉ាក់សាំងប្រកបដោយសមធម៌ ហើយអង្គការនេះក៏បានដង្ហោយសុំសាជាថ្មីម្តងទៀត ឲ្យបណ្តាប្រទេសអ្នកមានៗ ធ្វើការផ្តល់វ៉ាក់សាំង COVID-19 មកដល់ខ្លួនផងដែរ ដើម្បីយកទៅចែកជូនប្រទេសក្រីក្រ ដែលកំពុងត្រូវការវាជាចាំបាច់។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នាល្ងាចថ្ងៃសៅរ៍ ទី២៦ ខែមិថុនា ឆ្នាំ២០២១។
អគ្គនាយក WHO លោក ថេដ្រូស អាដាណម (Tedros Adhanom Ghebreyesus) បានលើកឡើងដូចខាងលើនេះ ខណៈដែលករណីឆ្លង COVID-19 នៅទូទាំងទ្វីបអាហ្វ្រិក បានកើនឡើងរហូតដល់ ៤០% បន្ថែមទៀត កាលពីកំលុងមួយសប្តាហ៍មុន ហើយវាពិតជាស្ថានការណ៍ដ៏គ្រោះថ្នាក់មួយ អំលុងពេលនៃការរាតត្បាតវីរុសបម្លែងថ្មី Delta នៅទូទាំងពិភពលោក។
លោក Tedros បានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មានមួយ នៅក្នុងទីក្រុងហ្សឺណែវថា «ពិភពលោករបស់យើងនេះ កំពុងតែបរាជ័យ... ហើយក្នុងនាមជាសហគមន៍នៃសកលលោក យើងកំពុងបរាជ័យ...។ ខ្ញុំចង់មានន័យថា ឥរិយាបថកន្លងមក គឺត្រូវតែទុកជារឿងអតីតកាលទៅចុះ ប៉ុន្តែសម្រាប់បញ្ហាពេលនេះ គឺការផ្គត់ផ្គង់... គ្រាន់តែផ្តល់ឲ្យយើងនូវវ៉ាក់សាំងទៅបានហើយ»។
គួរបញ្ជាក់ថា លោកអគ្គនាយក WHO ក៏បានលើកឡើងផងដែរ អំពីអ្វីដែលលោកគិតថា មិនទាន់់ជារឿងចាំបាច់ នោះគឺការសម្រុកចាក់វ៉ាក់សាំងដល់មនុស្សវ័យក្មេង នៅតាមប្រទេសមួយចំនួន ព្រោះពួកគេមិនបានប្រឈមមុខ ហានិភ័យខ្ពស់ពី COVID-19 នោះទេ។ លោកបានអំពាវនាវឲ្យពិភពលោក ដោះស្រាយនូវភាពយុត្តិធម៌ និងវិសមភាព តាមរយៈការចែកចាយវ៉ាក់សាំងនេះ៕