(បាងកក)៖ នាយករដ្ឋមន្រ្តីថៃលោក ប្រាយុទ្ធ ចាន់អូចា បានប្រកាសថា កិច្ចប្រជុំរបស់មជ្ឈមណ្ឌលគ្រប់គ្រងជំងឺ COVID-19 របស់ប្រទេសថៃ (CCSA) បានច្រានចោលសំណើឱ្យបិទខ្ទប់ទីក្រុងបាងកក និងតំបន់ជុំវិញនោះ ក៏ដូចជាខេត្តចំនួន ០៤ នៅភាគខាងត្បូងប្រទេសរួមមានខេត្ត សុងក្លា (Songkla), ខេត្ត ផាត់តានី (Pattani), ខេត្ត យ៉ាឡា (Yala) និងខេត្ត ណារ៉ាធីវ៉ាត់ (Narathiwat) ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-19។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានថៃ The Nation នៅរសៀលថ្ងៃសៅរ៍ ទី២៦ ខែមិថុនា ឆ្នាំ២០២១។
សំណើនេះគឺមកពីក្រសួងសុខាភិបាល ដោយលើកឡើងពីកង្វល់របស់វេជ្ជបណ្ឌិត និងអ្នកជំនាញវេជ្ជសាស្រ្តមួយចំនួនដែលថា គ្រែមន្ទីរពេទ្យ និងបន្ទប់សង្គ្រោះបន្ទាន់ (ICU) នៅតំបន់ទាំងនោះ ភាគច្រើនគឺពោរពេញទៅដោយអ្នកជំងឺរួចទៅហើយ ខណៈចំនួនអ្នកឆ្លងថ្មីៗនៅក្នុងប្រទេស នៅតែកើនឡើងជាមធ្យម ៣,០០០នាក់ ទៅ ៤,០០០នាក់ដដែលក្នុងមួយថ្ងៃៗ។
បន្ថែមពីបញ្ហាខាងលើនេះ កិច្ចសន្យាជួលសាល និងទីវាលជាច្រើនកន្លែងនៅទីក្រុងបាងកក ដើម្បីធ្វើជាមន្ទីរពេទ្យព្យាបាលអ្នកឆ្លង COVID-19 នោះក៏ជិតផុតកំណត់ផងដែរ ហើយវានឹងកាត់បន្ថយសមត្ថភាពរបស់ទីក្រុងនេះ ក្នុងការព្យាបាលអ្នកឆ្លងថ្មីៗ។
លោក ប្រាយុទ្ធ ចាន់អូចា ដែលជាប្រធាននៃកិច្ចប្រជុំរបស់មជ្ឈមណ្ឌល CCSA បានគូសបញ្ជាក់ថា «នឹងមិនមានការបិទខ្ទប់នៅទីក្រុងបាងកក និងខេត្តជុំវិញនោះ ក៏ដូចជាខេត្តចំនួន ០៤ នៅភាគខាងត្បូងនៃប្រទេសនោះទេ។ ទោះយ៉ាងណា ការដ្ឋានសំណង់ដែលបានរាយការណ៍ថា បានរកឃើញករណីឆ្លងជំងឺនេះ នឹងត្រូវបិទទ្វារជាបណ្ដោះអាសន្នក្នុងរយៈពេលមួយខែ។ ក្រសួងការងារ នឹងទទួលខុសត្រូវក្នុងការមើលថែពលករថៃ និងពលករចំណាកស្រុក ដែលរងផលប៉ះពាល់ដោយសារជំងឺនេះ»។
លោក Prayuth ក៏បានជំរុញឱ្យប្រជាជនទាំងអស់ ចៀសវាងការធ្វើដំណើរ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺ COVID-19 នេះផងដែរ។ ប៉ុន្តែប្រសិនបើការធ្វើដំណើរឆ្លងកាត់ខេត្តនានា នឹងមិនអាចចៀសផុតបានទេ ដោយសូមប្រកាន់ខ្ជាប់នូវវិធានការរឹតត្បឹតរបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺនេះ និងវិធានការរឹតត្បឹតផ្សេងទៀត ដែលបានប្រកាសនៅតាមខេត្តនីមួយៗ។ ប្រសិនបើអ្នកត្រូវចូលមកកាន់ទីក្រុងបាងកក យើងសូមជំរុញឱ្យអ្នកធ្វើចត្តាឡីស័កដោយខ្លួនឯងរយៈពេល ១៤ថ្ងៃ និងកុំទៅតំបន់ដែលមានមនុស្សច្រើន៕