(ប៉េកាំង)៖ កាលពីថ្ងៃទី ២៤ ខែមិថុនា រដ្ឋាភិបាលចិនបានចេញផ្សាយ សៀវភៅសក្រោមចំណងជើងថា «ការអនុវត្តជាក់ស្តែងដ៏មហិមា នៃបក្សកុម្មុយនិស្តចិនក្នុងការគោរព និងធានាសិទ្ធិមនុស្ស»។ តាមរយៈសៀវភៅសមួយនេះ មជ្ឈដ្ឋានខាងក្រៅមិនត្រឹមតែបានមើលឃើញ ការប្តេជ្ញាចិត្ត និងកិច្ចខិតខំប្រឹងប្រែងរបស់បក្សកុម្មុយនិស្តចិន ក្នុងការជំរុញការអភិវឌ្ឍកិច្ចការសិទ្ធិមនុស្សរបស់ប្រទេសចិន ក្នុងរយៈពេល ១០០ឆ្នាំកន្លងមកប៉ុណ្ណោះទេ ថែមទាំងក៏កាន់តែឈ្វេងយល់យ៉ាងជ្រាលជ្រៅថា បក្សកាន់អំណាចចិនគឺជាការធានាពីឬសគល់ ដើម្បីជំរុញសិទ្ធិមនុស្សរបស់ចិន ឱ្យវិវឌ្ឍរីកចម្រើនទៅមុខជាបន្តបន្ទាប់ផងដែរ។
ដូចសៀវភៅសនេះបានបញ្ជាក់នោះថា ការស្វែងរកសុខសុភមង្គលជូនចំពោះប្រជាជន និងស្វែងរកការស្តារភាពរុងរឿង ដ៏មហិមាឡើងវិញជូនចំពោះប្រជាជាតិចិន ជាគោលបំណងដើម និងបេសកកម្មរបស់សមាជិកបក្សកុម្មុយនិស្តចិន ហើយក៏ជាមូលដ្ឋានគ្រឹះនៃគំនិតសិទ្ធិមនុស្ស របស់បក្សកុម្មុយនិស្តចិនផងដែរ។ ចាប់តាំងពីបានបង្កើតឡើងមក បក្សកុម្មុយនិស្តចិនបានប្រកាន់ខ្ជាប់ នូវការតម្កល់ទុកប្រជាជនជាអាទិភាព ប្រកាន់ខ្ជាប់ការធ្វើឱ្យគោលការណ៍ទូទៅ នៃសិទ្ធិមនុស្សផ្សារភ្ជាប់ជាមួយសភាពការណ៍ជាក់ស្តែង នៃប្រទេសចិន ប្រកាន់ខ្ជាប់ការតម្កល់ទុកសិទ្ធិរស់រានមានជីវិត និងសិទ្ធិអភិវឌ្ឍន៍ជាសិទ្ធិមនុស្សជាមូលដ្ឋានដ៏សំខាន់បំផុត ប្រកាន់ខ្ជាប់ការតម្កល់ទុកជីវភាពរស់នៅ ប្រកបដោយសុភមង្គលរបស់ប្រជាជនជាសិទ្ធិមនុស្សធំបំផុត និងប្រកាន់ខ្ជាប់ការជំរុញការអភិវឌ្ឍ ដោយគ្រប់ជ្រុងជ្រោយរបស់ប្រជាជន បង្កើនភាពទទួលបានសុភមង្គល និងសុវត្ថិភាពផ្លូវចិត្តរបស់ប្រជាជនឥតឈប់ឈរ បានដើរតាមផ្លូវអភិវឌ្ឍន៍សិទ្ធិមនុស្សបែបសង្គមនិយម ដែលប្រកបដោយលក្ខណៈពិសេសរបស់ចិនដោយជោគជ័យ។
«ការគោរព និងធានាសិទ្ធិមនុស្ស» មិនត្រឹមតែត្រូវសរសេរក្នុង លក្ខនិ្តកៈបក្សកុម្មុយនិស្តចិនប៉ុណ្ណោះទេ ថែមទាំងក៏ត្រូវសរសេរក្នុងរដ្ឋធម្មនុញ្ញផងដែរ ដែលបានក្លាយជាគោលការណ៍សំខាន់មួយនៃអភិបាលកិច្ចជាតិ។ ក្នុងយុទ្ធសាស្ត្រ និងផែនការអភិវឌ្ឍន៍ នៃគ្រប់ដំណាក់កាលរបស់ប្រទេសចិន ក្នុងនាមជាគោលដៅសំខាន់មួយ នៃការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចរបស់ប្រទេសជាតិ ការអភិវឌ្ឍកិច្ចការសិទ្ធិមនុស្សត្រូវបានជំរុញទៅមុខ ឥតឈប់ឈរជាប់រហូតមក។ នៅប្រទេសចិន «សិទ្ធិមនុស្ស» មិនមែនជាពាក្យនយោបាយអរូបីនោះទេ តែគឺជនជាតិចិនគ្រប់រូប សុទ្ធតែអាចទទួលអារម្មណ៍ដោយផ្ទាល់ពីវត្តមានរបស់វា។
សូមយកការលុបបំបាត់ភាពក្រីក្រធ្វើជាឧទាហរណ៍ ចាប់ពីឆ្នាំ ២០១២ ដល់ចុងឆ្នាំ ២០២០ ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តចិន ប្រទេសចិនសម្រេចបាននូវគោលដៅស្តីពី ការធ្វើឱ្យជនក្រីក្រនៅជនបទចំនួន ៩៨៩៩ម៉ឺននាក់ ដែលស្ថិតនៅក្រោមស្តង់ដារបច្ចុប្បន្ន ចេញផុតពីភាពក្រីក្រទាំងអស់ តាមពេលកំណត់ដែលបានបង្កើតអច្ឆរិយថ្មី នៃការធានាសិទ្ធិមនុស្សនៅលើពិភពលោក ក៏ដូចជាសម្រេចមុនពេលកំណត់ ១០ឆ្នាំ នូវគោលដៅស្តីពីការកាត់បន្ថយភាពក្រីក្រ ដែលមានចែងក្នុងរបៀបវារៈអភិវឌ្ឍន៍ជានិរន្តរភាពឆ្នាំ ២០៣០ របស់អង្គការសហប្រជាជាតិ អត្រារួមចំណែករបស់ប្រទេសចិន ក្នុងការងារកាត់បន្ថយភាពក្រីក្រជាសកលគឺ លើសពី ៧០ ភាគរយ។
ក្នុងរយៈពេល ១០០ ឆ្នាំកន្លងមកនេះ បក្សកុម្មុយនិស្តចិនបានបញ្ជាក់ដោយការអនុវត្តជាក់ស្តែងថា ខ្លួនជាគណបក្សនយោបាយដែលស្នេហាសន្តិភាព និងវិវឌ្ឍរីកចម្រើនទៅមុខឥតឈប់ឈរ ហើយក៏ជាគណបក្សនយោបាយដែលបាននិងកំពុង ជំរុញការអភិវឌ្ឍកិច្ចការសិទ្ធិមនុស្សនៅលើពិភពលោក ឥតឈប់ឈរផងដែរ។
បក្សកុម្មុយនិស្តចិនបានដើរតាមផ្លូវអភិវឌ្ឍន៍សិទ្ធិមនុស្ស ដែលសមស្របនឹងសភាពការណ៍ជាតិ នៃប្រទេសចិនដោយជោគជ័យ។ ប្រការនេះបានបញ្ជាក់យ៉ាងពេញលេញថា ការបកស្រាយពីអត្ថន័យរបស់សិទ្ធិមនុស្ស មិនត្រូវផ្តាច់មុខដោយលោកខាងលិចនោះឡើយ។ ដើម្បីសម្រេចបាននូវការគោរពសិទ្ធិមនុស្ស ការធានាសិទ្ធិមនុស្ស និងការអភិវឌ្ឍសិទ្ធិមនុស្ស ពួកយើងចាំបាច់ត្រូវគិតពិចារណា ពីភាពជាក់ស្តែងរបស់ប្រទេសខ្លួន និងដើរតាមផ្លូវរបស់ខ្លួន៕ (#CCFRComment#)