(ហុងកុង)៖ ដីព្រះចន្ទដែលបេសកកម្មរុករករបស់ចិន នៅឯឋានព្រះចន្ទ បានយកមកកាន់ផែនដីនោះ ពេលនេះត្រូវដាក់តាំងបង្ហាញហើយ នៅក្នុងទីក្រុងហុងកុង ដែលនឹងអាចទាក់ទាញមនុស្សចូលទស្សនាយ៉ាងច្រើន។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃសៅរ៍ ទី២៦ ខែមិថុនា ឆ្នាំ២០២១។
ដីឋានព្រះចន្ទខាងលើមានទម្ងន់ ១,៧៣១ក្រាម ដែលត្រូវដាក់តាំងបង្ហាញនៅឯមជ្ឈមណ្ឌលសន្និសីទ និងពិព័រណ៍ទីក្រុងហុងកុងនោះ ត្រូវបានយានអវកាស ឆាងអឺ ៥ (Chang'e-5) ដឹកយកពីឋានព្រះចន្ទត្រលប់មកកាន់ផែនដី កាលពីខែធ្នូ ឆ្នាំ២០២០ ហើយនេះគឺជាការប្រមូលដីពីឋានព្រះចន្ទដំបូងគេ ត្រលប់មកផែនដីក្នុងរយៈពេលជាង ៤០ឆ្នាំមកនេះ។
គួរបញ្ជាក់ថា ពិធីតាំងពិព័រណ៍ដីឋានព្រះចន្ទខាងលើ នឹងត្រូវបើកទ្វារជូនសាធារណជន ក្នុងទីក្រុងហុងកុងចូលទស្សនាចាប់ពីថ្ងៃទី២៧ ខែមិថុនា រហូតដល់ថ្ងៃទី០៩ ខែកក្កដាខាងមុខនេះ៕