(អូតតាវ៉ា)៖ នាយករដ្ឋមន្ត្រីកាណាដា លោក ចាស្ទីន ឌ្រូដូ (Justin Trudeau) បានឱ្យដឹងថា លោកបានទូលសុំទៅកាន់សម្ដេចសង្ឃកាតូលិក ប៉ាប ហ្វ្រង់ស៊ីស (Pope Francis) ឱ្យព្រះអង្គយាងមកកាន់ប្រទេសកាណាដា ដើម្បីរៀបចំពិធីសូមអភ័យទោស ចំពោះតួនាទីរបស់វិហារគ្រិស្តកាតូលិក ក្នុងការគ្រប់គ្រងសាលារៀនដែលជាកន្លែងស្នាក់នៅ សម្រាប់កុមារជាជនជាតិដើមភាគតិច បន្ទាប់ពីសាកសពមនុស្សជិត ១,០០០នាក់ ត្រូវបានរកឃើញនៅផ្នូរធំៗចំនួនពីរ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃសៅរ៍ ទី២៦ ខែមិថុនា ឆ្នាំ២០២១។
លោក ចាស្ទីន ឌ្រូដូ ធ្វើការកត់សម្គាល់ខាងលើ នៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃសុក្រសប្ដាហ៍នេះ។ លោកនាយករដ្ឋមន្ត្រីកាណាដារូបនេះ បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំបានថ្លែង និងទូលសុំដោយផ្ទាល់ទៅកាន់សម្ដេច ប៉ាប ហ្វ្រង់ស៊ីល ដើម្បីឱ្យព្រះអង្គដឹងអំពីសារៈសំខាន់ មិនត្រឹមតែការសុំទោសប៉ុណ្ណោះទេ ប៉ុន្តែចាំបាច់ណាស់គឺទ្រង់ត្រូវសូមអភ័យទោស ជនជាតិដើមភាគតិចកាណាដា នៅលើទឹកដីកាណាដា»។
គួរបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ អាជ្ញាធរកាណាដាបានរកឃើញផ្នូរខ្មោចមិនមានសញ្ញាសម្គាល់ចំនួន ៧៥១ផ្នូរ នៅឯទីតាំងស្នាក់នៅនៃសាលា ម៉ារីវ៉ាល់ (Marieval Residential School) ក្នុងខេត្ត សាស្កាតឆេវ៉ាន (Saskatchewan) តែប៉ុន្មានសប្ដាហ៍ប៉ុណ្ណោះបន្ទាប់សាកសពកុមារ ២១៥នាក់ ត្រូវបានគេរកឃើញនៅឯអតីតសាលារៀនសម្រាប់ ជនជាតិដើមភាគតិចស្នាក់នៅ ក្នុងខេត្ត ប្រ៊ីតធីស ខូឡុំប៊ី (British Columbia)។
មកទល់នឹងពេលនេះ មិនទាន់មានការបញ្ជាក់លម្អិត អំពីមូលហេតុស្លាប់របស់អ្នកទាំងនេះនៅឡើយទេ ស្របពេលការស៊ើបអង្កេតកំពុងធ្វើឡើង។ ទោះជាបែបនេះក្តី ប្រទេសមួយចំនួនក៏បានចោទជាសំនួរ ចំពោះបញ្ហាខាងលើនេះដែរ ដោយពួកគេបានចោទប្រកាន់ថា វាជាការរំលោភបំពានសិទ្ធិមនុស្ស និងជនជាតិភាគតិច ដ៏គួរឲ្យខ្លោចផ្សាបំផុតមួយ ដែលទើបត្រូវបានជីកកកាយ៕