(វ៉ាស៊ីនតោន)៖ អាជ្ញាធរបានគូសបញ្ជាក់ឲ្យដឹងថា រហូតមកទល់ពេលនេះចំនួនមនុស្សស្លាប់ដោយសារការបាក់រលំអគារខុនដូរកម្ពស់១២ជាន់មួយ នៅឯតំបន់ម៉ៃអាមីដេដ (Miami-Dade County) ក្នុងរដ្ឋផ្ល័ររីដា ភាគខាងត្បូងសហរដ្ឋអាមេរិក កើនដល់០៤នាក់ហើយ ខណៈអ្នកបាត់ខ្លួនវិញកើនដល់ ១៥៩នាក់។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នៅយប់ថ្ងៃសុក្រ ទី២៥ ខែមិថុនា ឆ្នាំ២០២១។

លោកអភិបាលក្រុង Miami-Dade មានប្រសាសន៍ថា ពួកគេនៅតែមានសង្ឃឹមក្នុងការស្វែងរកអ្នកនៅរស់រានមានជីវិត ខណៈដែលក្រុមអ្នកជួយសង្គ្រោះបានរាយការណ៍ថា បានលឺសំឡេងមនុស្សចេញពីខាងក្រោមគំនរបាក់បែក។

ជុំវិញបញ្ហានេះ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) បានអនុម័តលើសេចក្តីប្រកាសបន្ទាន់មួយនៅក្នុងរដ្ឋផ្ល័ររីដា ហើយបញ្ជាឱ្យមានការជួយជ្រោមជ្រែងពីអាជ្ញាធររដ្ឋាភិបាលសហព័ន្ធ ដើម្បីគាំទ្របន្ថែមចំពោះ កិច្ចខិតខំប្រឹងប្រែងឆ្លើយតបស្ថានការណ៍ របស់អាជ្ញាធររដ្ឋ។

គួរបញ្ជាក់ថា អគារខុនដូរដែលបានបាក់រំលំមួយផ្នែកខាងលើនេះ ត្រូវបានគេរាយការណ៍ថា សាងសង់ឡើងនៅក្នុងឆ្នាំ១៩៨១ ដោយមានសរុប ១៣៦បន្ទប់ ហើយជិត ៥៥បន្ទប់នៃបន្ទប់ទាំងអស់បានបាក់រលំ៕