(ញូដេលី)៖ ក្រុមអ្នកជំនាញសុខាភិបាលជាច្រើនបានព្រមានថាវីរុសបម្លែងថ្មី Delta (ត្រូវបានគេរកឃើញមុនគេក្នុងប្រទេសឥណ្ឌា) ដែលបច្ចុប្បន្នឆ្លងរាលដាលទៅដល់ជិត ១០០ប្រទេស បាន និងកំពុងបង្កការគំរាមកំហែងដល់កិច្ចខិតខំប្រឹងប្រែងកម្ចាត់ COVID-19 និងក្ដីសង្ឃឹមត្រឡប់ទៅរកជីវភាពធម្មតាឡើងវិញរបស់ពិភពលោក។ ក៏ប៉ុន្តែ កាលពីពេលថ្មីៗនេះ ការព្រួយបារម្ភបានផ្ទុះឡើងរឹតតែខ្លាំង ក្រោយអាជ្ញាធរសុខាភិបាលឥណ្ឌាស្រាប់តែប្រកាសពីការរកឃើញវីរុសបម្លែងថ្មីមួយប្រភេទទៀតកើតចេញពី វីរុសបម្លែងថ្មី Delta ដែលគេបានដាក់ឈ្មោះឱ្យថា «Delta plus»។
វីរុសបម្លែងថ្មី Delta plus ឬមានលេខកូដសម្គាល់ B.1.617.2.1 ឬក៏ AY.1 កំពុងស្ថិតនៅក្រោមការតាមដានយ៉ាងយកចិត្តទុកដាក់ពីក្រុមអ្នកជំនាញ ដើម្បីរកឱ្យឃើញថាតើ
វាមានភាពកាចសាហាវ ឬអាចធ្វើឱ្យប៉ះពាល់ដល់ប្រសិទ្ធភាពវ៉ាកសាំងដែរឬក៏យ៉ាងណា?
*តើអ្វីទៅជាវីរុសបម្លែងថ្មី Delta plus?
កាលពីថ្ងៃពុធ ទី២៣ ខែមិថុនាកន្លងទៅនេះ ក្រសួងសុខាភិបាលឥណ្ឌាបានប្រកាសពីការរកឃើញករណីឆ្លងពាក់ព័ន្ធនឹងវីរុសបម្លែងថ្មី Delta plus ប្រមាណជា៤០ករណី។ បើតាមទីភ្នាក់ងារព័ត៌មាន Reuters វីរុសបម្លែងថ្មី Delta plus ត្រូវបានរាយការណ៍មុនគេដោយទីភ្នាក់ងារសុខាភិបាលអង់គ្លេស Public Health England កាលពីថ្ងៃទី១១ ខែមិថុនាកន្លងទៅ។
តែក្រសួងសុខាភិបាលឥណ្ឌាបានឱ្យដឹងថាពួកគេបានគេរកឃើញ Delta plus នៅក្នុងប្រទេសឥណ្ឌា កាលពីខែមេសាកន្លងទៅមកម្លេះតាមរយៈការធ្វើតេស្ដសំណាកលើ មនុស្ស៤០នាក់ មកពីស្រុកចំនួន៦ នៅក្នុងរដ្ឋចំនួន៣ ដូចជារដ្ឋ Maharashtra, Kerala និងរដ្ឋ Madhya Pradesh ហើយរហូតដល់ថ្ងៃទី២២ ខែមិថុនាកន្លងទៅនេះ ទើប អាជ្ញាធរសុខាភិបាលឥណ្ឌាសម្រេចប្រកាសចាត់ទុកថា Delta plus ជា «វីរុសដែលត្រូវព្រួយបារម្ភ» (variant of concern)។
Delta plus ជាវីរុសបម្លែងខ្លួន មកពីវីរុសបម្លែងថ្មី Delta ហើយវាមានការផ្លាស់ប្ដូរហ្សែនបន្ថែម ឬគេស្គាល់ថា K417N ដែលក៏ត្រូវបានគេរកឃើញនៅក្នុងវីរុសបម្លែងថ្មី Beta (វីរុសបម្លែងថ្មីត្រូវបានគេរកឃើញមុនគេនៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង) ផងដែរ។
*តើ Delta plus មានភាពកាចសាហាវដែរឬទេ?
កាលពីថ្ងៃទី២២ ខែមិថុនាកន្លងទៅនេះ អាជ្ញាធរសុខាភិបាលឥណ្ឌាបានសម្រេចប្រកាសចាត់ទុកថា Delta plus ជា «វីរុសដែលត្រូវព្រួយបារម្ភ» (variant of concern) ខណៈ ពួកគេបារម្ភខ្លាចក្រែងវីរុសបម្លែងថ្មីនេះអាចនឹងបង្កករលកទី៣ COVID-19។ ការសម្រេចចិត្តបែបនេះរបស់អាជ្ញាធរសុខាភិបាលឥណ្ឌាធ្វើឡើង បន្ទាប់ពីរកឃើញភស្ដុងតាង មួយចំនួនបង្ហាញថាវីរុសមួយនេះអាចមានសមត្ថភាពចម្លងជំងឺលឿនរហ័សជាងវីរុសបម្លែងថ្មីនានាដែលមាននៅពេលបច្ចុប្បន្ន ដោយវាអាចភ្ជាប់ខ្លួនយ៉ាងរឹងមាំទៅនឹង កោសិកាសួត ហើយថែមទាំងអាចអត់ធន់ប្រឆាំងនឹងវិធីសាស្ត្រព្យាបាលជំរុញប្រព័ន្ធភាពសុំា ឬ monoclonal antibodies ទៀតផង។
តែទោះជាបែបនេះក្ដី អ្នកជំនាញផ្នែកវីរុសសាស្ត្រមួយចំនួនដូចជា លោកស្រី ហ្គាហ្គាន់ឌីប កាង (Gagandeep Kang) មានការងឿនឆ្ងល់ចំពោះរដ្ឋាភិបាលឥណ្ឌាដែលហាក់ ដូចជាប្រញាប់ពេកក្នុងការប្រកាសចាត់ទុកវីរុស Delta plus ជា «វីរុសដែលត្រូវព្រួយបារម្ភ» (variant of concern) ដ្បិតមិនទាន់មានភស្ដុតាងជាក់លាក់ណាមួយបញ្ជាក់ថា វីរុសបម្លែងថ្មីនេះមានសមត្ថភាពចម្លងជំងឺលឿនរហ័ស ឬមានភាពកាចសាហាវជាងវីរុសបម្លែងថ្មីដទៃទៀត ឬក៏អាចធ្វើឱ្យប៉ះពាល់ដល់ប្រសិទ្ធភាពវ៉ាក់សាំងនៅឡើយទេ។
*តើវីរុសបម្លែងថ្មី Delta Plus ឆ្លងរាលដាលទៅដល់ណាខ្លះ?
គិតត្រឹមថ្ងៃទី១៦ ខែមិថុនាកន្លងទៅនេះ ករណីឆ្លងវីរុសបម្លែងថ្មី Delta Plus យ៉ាងហោច ១៩៧ករណីត្រូវបានរាយការណ៍នៅក្នុងប្រទេសដូចជាចក្រភពអង់គ្លេស, កាណាដា, ឥណ្ឌា, ជប៉ុន, នេប៉ាល់. ប៉ូឡូញ, ព័រទុយហ្កាល់, រុស្ស៊ី, ស្វីស, តួកគី និងសហរដ្ឋអាមេរិកដែលរកឃើញករណីឆ្លងវីរុសបម្លែងថ្មី Delta Plus ច្រើនជាងគេដល់ទៅ ៨៣ករណី។
គួរបញ្ជាក់ថា បច្ចុប្បន្នវីរុសបម្លែងថ្មី Delta កំពុងរ៉ាប់រងករណីឆ្លងភាគច្រើននៅជុំវិញពិភពលោក ហើយក៏មានការព្រមានដែរថាវីរុសនេះអាចនឹងរ៉ាប់រង៨០ភាគរយនៃករណីឆ្លង COVID-19 នៅក្នុងសហភាពអឺរ៉ុប នៅខែសីហាខាងមុខនេះ។ រីឯក្រុមអ្នកជំនាញយល់ថាមធ្យោបាយល្អដើម្បទប់ស្កាត់ការឆ្លងរាតត្បាត និងបង្ការកុំឱ្យវីរុសបម្លែងថ្មីបន្តកើតមាន នោះគឺបង្កើនល្បឿនចាក់វ៉ាក់សាំងបង្ការសំដៅបង្កើតប្រព័ន្ធភាពសុំាជាសហគមន៍ឱ្យបានកាន់តែឆាប់កាន់តែល្អ៕
ប្រភព៖ CNBC (ថ្ងៃសុក្រ ទី២៥ ខែមិថុនា ឆ្នាំ២០២១)