(ប៉េកាំង)៖ យ៉ាងហោចណាស់មនុស្សចំនួន ១៨នាក់បានស្លាប់ នៅថ្ងៃសុក្រនេះ បន្ទាប់ពីអគ្គិភ័យបានឆាបឆេះ មជ្ឈមណ្ឌលបណ្តុះបណ្តាលសិល្បៈក្បាច់គុនមួយកន្លែង នៅក្នុងខេត្តហឺណាន (Henan) ប្រទេសចិន។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Reuters នៅរសៀលថ្ងៃសុក្រ ទី២៥ ខែមិថុនា ឆ្នាំ២០២១។

រដ្ឋាភិបាលស្រុកចេឆឹង (Zhecheng) បានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា អគ្គិភ័យបានឆាបឆេះនៅវេលាម៉ោងប្រហែល ៣៖០០នាទីទាបភ្លឺថ្ងៃព្រហស្បតិ៍ និងរហូតមកទល់ពេលព្រឹកនេះ វាត្រូវបានពន្លត់ហើយ។ យ៉ាងណាក៏ដោយ អាជ្ញាធរមិនទាន់ដឹងច្បាស់អំពីមូលហេតុ ដែលនាំឱ្យមានអគ្គីភ័យនេះទេ។

រដ្ឋាភិបាលស្រុក Zhecheng បានគូសបញ្ជាក់បន្ថែមថា យ៉ាងហោចណាស់ មនុស្សចំនួន ១៨នាក់បានស្លាប់ និង ១៦នាក់ទៀតបានរងរបួស ក្នុងនោះមាន ០៤នាក់កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។

គួរបញ្ជាក់ថា ការកើតមានគ្រោះអគ្គីភ័យនៅក្នុងប្រទេសចិន គឺតែងតែកើតមានឡើងជារឿយៗ។ មួយក្នុងចំណោមអគ្គីភ័យ ដ៏គួរឱ្យរន្ធត់បំផុតរបស់ខេត្ត Henan នោះគឺមនុស្សចំនួន ៣០៩នាក់បានស្លាប់នៅទីក្រុង ឡរយ៉ាង (Luoyang) នៅថ្ងៃបុណ្យណូអែល កាលពីឆ្នាំ២០០០ នៅក្លឹបរាត្រីមួយកន្លែង។ ភាគច្រើននៃជនរងគ្រោះ បានថប់ដង្ហើមស្លាប់ដោយសារផ្សែង នៅក្នុងកន្លែងរាំលេងកម្សាន្ត ដែលមានតែច្រកចេញបន្ទាន់ចំនួនពីរប៉ុណ្ណោះ ហើយក៏មិនមានឧបករណ៍ពន្លត់ភ្លើង និងកណ្តឹងប្រកាសអាសន្នអ្វីនោះដែរ៕