(វ៉ាស៊ីនតោន)៖ មនុស្សយ៉ាងហោច ០៣នាក់បានស្លាប់ និង ១២នាក់រងរបួស ខណៈ ៩៩នាក់នៅបន្តបាត់ខ្លួននៅឡើយ បន្ទាប់ពីអគារខុនដូរកម្ពស់ ១២ជាន់មួយបានបាក់រលំមួយផ្នែក កាលពីព្រឹកថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ពេលវេលានៅសហរដ្ឋអាមេរិក) នៅឯតំបន់ ម៉ៃអាមីដេដ (Miami-Dade County) ក្នុងរដ្ឋផ្ល័ររីដា ភាគខាងត្បូងសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី២៥ ខែមិថុនា ឆ្នាំ២០២១។
បើតាមក្រុមអ្នកជួយសង្រ្គោះ ក្នុងចំណោមមនុស្ស ១២នាក់ដែលរងរបួសនោះ គឺមាន ០២នាក់កំពុងស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ ហើយមកទល់នឹងពេលនេះមនុស្ស ៣៥នាក់ដែលជាប់នៅក្រោមគំនរបែកបាក់ត្រូវបានជួយសង្គ្រោះ។ ប៉ុន្តែភ្លាមៗ មិនទាន់មានការបញ្ជាក់លម្អិតថា តើមានមនុស្សប៉ុន្មាននាក់បានស្ថិតនៅក្នុងអគារខុនដូរខាងលើ នៅពេលដែល ហេតុការណ៍បាក់រលំកើតឡើងនោះទេ រីឯមូលហេតុនៃការបាក់រលំ កំពុងស្ថិតនៅក្នុងការស៊ើបអង្កេតនៅឡើយ។
គួរបញ្ជាក់ថា អគារខុនដូរដែលបានបាក់រំលំមួយផ្នែកខាងលើនេះ ត្រូវបានគេរាយការណ៍ថា សាងសង់ឡើងនៅក្នុងឆ្នាំ១៩៨១ ដោយមានសរុប ១៣៦បន្ទប់ ហើយជិត ៥៥បន្ទប់នៃបន្ទប់ទាំងអស់បានបាក់រលំ៕