(យូអិន)៖ ទីភ្នាក់ងារផ្តល់ជំនួយមនុស្សធម៌ នៃអង្គការសហប្រជាជាតិ (UN) បានប្រកាសនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា មនុស្សជាង ២៣០,០០០នាក់ហើយ បានភៀសខ្លួនចេញពីលំនៅឋាន ដោយសារតែជម្លោះនៅក្នុងប្រទេសមីយ៉ាន់ម៉ា គិតចាប់តាំងពីរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិលលោកស្រី អោង សាន ស៊ូ ជី បានកើតមានឡើងកាលពីថ្ងៃទី០១ ខែកុម្ភៈ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នាព្រឹកថ្ងៃសុក្រ ទី២៥ ខែមិថុនា ឆ្នាំ២០២១។

ចាប់តាំងពីរដ្ឋប្រហារផ្ទុះឡើង ហើយយោធាក្តោបក្តាប់អំណាចទាំងស្រុងនៅក្នុងដៃ បាតុកម្មតវ៉ាពីសំណាក់ប្រជាជនមីយ៉ាន់ម៉ា ដែលគាំទ្រលោកស្រី អោង សាន ស៊ូ ជី បានផ្ទុះឡើងជាបន្តបន្ទាប់ ជាពិសេសនៅតាមទីក្រុងធំៗដូចជា ណៃពិដោ ម៉ាន់ដាឡាយ និង រ៉ង់ហ្គូន ជាដើម ដែលជាហេតុនាំឲ្យមានការបង្ក្រាប និងអំពើហិង្សាដាក់គ្នាទៅវិញទៅមក គិតមកទល់នឹងពេលនេះ។

ការិយាល័យសម្របសម្រួលកិច្ចការងារមនុស្សធម៌ (OCHA) នៃអង្គការសហប្រជាជាតិ បាននិងកំពុងបំពេញប្រតិបត្តិការរបស់ខ្លួន ដើម្បីជួយសង្គ្រោះប្រជាជនមីយ៉ាន់ម៉ា ដែលបានរង់ភៀសខ្លួនចេញពីលំនៅឋានរបស់ពួកគេ នៅតាមតំបន់ផ្ទុះជម្លោះប្រដាប់អាវុធ គិតទាំងការជម្លៀសនៅក្នុងប្រទេសផង និងចេញទៅកាន់ប្រទេសជិតខាងផង។

បើតាមរបាយការណ៍ពី OCHA មនុស្ស ១៧៧,០០០នាក់បានភៀសខ្លួនចេញពីលំនៅឋាន នៅក្នុងរដ្ឋការែន (Karen) ជាប់ព្រំដែនប្រទេសថៃ និងជាង ២០,០០០នាក់ទៀត នៅរដ្ឋ ឈីន (China) ជាប់ព្រំដែនឥណ្ឌា បន្ទាប់ពីការប្រយុទ្ធគ្នា យ៉ាងក្តៅគគុកបានកើតឡើង រវាងកងកម្លាំងប្រជាជនស្វ័យការពារ (People's Defence Forces) ជាមួយនឹងយោធាមីយ៉ាន់ម៉ា។ ដោយឡែកប្រជាជនមីយ៉ាន់ម៉ារាប់ពាន់នាក់ទៀត បានរត់ភៀសខ្លួនចេញពីលំនៅឋាន នៅក្នុងរដ្ឋ កាឈីន (Kachin) និង សាន (Shan) ដោយសារតែជម្លោះរវាង កងកម្លាំងជនជាតិភាគតិច និងយោធាមីយ៉ាន់ម៉ា៕