(ញូយ៉ក)៖ អង្គការសហប្រជាជាតិ (UN) នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានចោទប្រកាន់អ៊ីស្រាអែលពីបទរំលោភបំពានច្បាប់អន្តរជាតិ ដោយការពង្រីកការតាំងទីលំនៅនៅតំបន់ វែសត៍ ប៊ែង (West Bank) និងទីក្រុងហ្សេរុយសាឡឹមខាងកើត (East Jerusalem) ដែលជាទឹកដីរបស់ប៉ាឡេស្ទីន ដោយនិយាយថា ការតាំងទីលំនៅគឺ «ខុសច្បាប់» និងជំរុញឱ្យរដ្ឋាភិបាលថ្មីរបស់ប្រទេសនេះ បញ្ឈប់សកម្មភាពពង្រីករបស់ខ្លួនជាបន្ទាន់។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន AP នៅព្រឹកថ្ងៃសុក្រ ទី២៥ ខែមិថុនា ឆ្នាំ២០២១។

អគ្គលេខាធិការ UN លោក អាន់តូនីញ៉ូ ហ្គូទែរែស (Antonio Guterres) និងប្រេសិតពិសេស UN ប្រចាំតំបន់មជ្ឈិមបូព៌ា លោក ថរ វែនណែសលែនដ៍ (Tor Wennesland) បានរាយការណ៍អំពីការអនុវត្តសេចក្ដីសម្រេច របស់ក្រុមប្រឹក្សាសន្តិសុខឆ្នាំ២០១៦ ដែលបានប្រកាសថា ការតាំងទីលំនៅគឺ «គ្មានសុពលភាពស្របច្បាប់ទេ»

លោក Wennesland បានលើកឡើងបន្ថែមថា «ខ្ញុំសូមបញ្ជាក់ជាថ្មីម្តងទៀតថា ការតាំងទីលំនៅរបស់អ៊ីស្រាអែល គឺជាការរំលោភជាក់ស្តែងលើសេចក្តីសម្រេចចិត្តរបស់ UN និងច្បាប់អន្តរជាតិ។ វាគឺជាឧបសគ្គដ៏ធំចំពោះសមិទ្ធផលនៃដំណោះស្រាយរដ្ឋពីរ និងសន្តិភាពទូលំទូលាយយូរអង្វែង។ ដូច្នេះការជំរុញរាល់សកម្មភាពតាំងទីលំនៅ ត្រូវតែបញ្ឈប់ជាបន្ទាន់»

គួរបញ្ជាក់ថា តំបន់ West Bank និងទីក្រុង East Jerusalem គឺជាទឹកដីដែលប៉ាឡេស្ទីនចង់យកធ្វើជារដ្ឋធានី នៅពេលបង្កើតរដ្ឋពេញលេញ ខណៈបច្ចុប្បន្ន ប៉ាឡេស្ទីនមានឋានៈត្រឹមជារដ្ឋអង្កេតការណ៍ នៅក្នុងអង្គការសហប្រជាជាតិប៉ុណ្ណោះ៕