(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះបានប្រកាសថាកញ្ចប់ថវិកាលើផែនការហេដ្ឋារចនាសម្ពន្ធរបស់លោកបានឈានដល់ កិច្ចព្រមព្រៀងហើយ រវាងគណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋ មុននឹងការបោះឆ្នោតអនុម័តចូលមកដល់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃសុក្រ ទី២៥ ខែមិថុនា ឆ្នាំ២០២១។
លោក បៃដិន ប្រកាសពីកិច្ចព្រមព្រៀងខាងលើកំឡុងធ្វើសន្និសីទសារព័ត៌មានមួយ បន្ទាប់ពីលោកបានជួបពិភាក្សាជាមួយសមាជិកព្រឹទ្ធសភា១១រូប ដែលបានឯកភាពគ្នា លើផែនការកញ្ចប់ថវិកាខាងលើ។ លោក បៃដិន បានគូសបញ្ជាក់យ៉ាងខ្លីដូច្នេះថា៖ «យើងមានកិច្ចព្រមព្រៀងមួយហើយ...ការឯកភាពគ្នាពីសំណាក់គណបក្សទាំង២ គឺជាអ្វីដែលខ្ញុំចង់បាន»។ ក៏ប៉ុន្តែ ក្នុងពេលជាមួយគ្នា លោក បៃដិនក៏បានអះអាងផងដែរថាលោកនឹងមិនចុះហត្ថលេខាលើច្បាប់កញ្ចប់ថវិកាលើផែនការហេដ្ឋារចនាសម្ពន្ធ នេះទេ បើសិនជាសេចក្ដីព្រាងច្បាប់ស្ដីពីការស្រុះស្រួលគ្នា ឬ reconciliation bill មិនត្រូវបានអនុម័តដែរទេនោះ។
គួរបញ្ជាក់ថា កញ្ចប់ថវិកាលើផែនការហេដ្ឋារចនាសម្ពន្ធរបស់លោក ចូ បៃដិន មានទំហំទឹកប្រាក់ ៩៧៣ពាន់លានដុល្លារសម្រាប់រយៈពេល៥ឆ្នាំ ឬ១.២ទ្រីលានដុល្លារ សម្រាប់រយៈពេល៨ឆ្នាំ ហើយវាក៏មានបូកបញ្ចូលបន្ថែមជាមួយកញ្ចប់ថវិកាថ្មី ៥៧៩ពាន់លានដុល្លារផងដែរ៕