(ម៉ូស្គូ)៖ មន្ត្រីការទូតជាន់ខ្ពស់រុស្ស៊ីម្នាក់បានព្រមានថា រុស្ស៊ីអាចនឹងបាញ់កម្ទេចរាល់នាវាចម្បាំងទាំងឡាយណា ដែលបានបំពានដែនទឹករបស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន AP នៅយប់ថ្ងៃព្រហស្បតិ៍ ទី២៤ ខែមិថុនា ឆ្នាំ២០២១។

ការលើកឡើងបែបនេះគឺធ្វើឡើង នៅក្នុងការព្រមានដ៏តឹងតែងមួយបន្ទាប់ពីឧប្បត្តិហេតុនៅសមុទ្រខ្មៅ ដែលនាវាពិឃាតអង់គ្លេសបានចុះចតនៅក្បែរតំបន់គ្រីមា ក្នុងតំបន់មួយដែលប្រទេសរុស្ស៊ីអះអាងថាជាដែនទឹករបស់ខ្លួន។

គួរបញ្ជាក់ថា រុស្ស៊ីបាននិយាយថា នាវាចម្បាំងមួយរបស់ខ្លួនបានបាញ់ព្រមាន ខណៈដែលយន្ដហោះចម្បាំងរបស់ខ្លួនមួយទៀតបានទម្លាក់គ្រាប់បែកនៅលើផ្លូវរបស់នាវាពិឃាតអង់គ្លេសកាលពីថ្ងៃពុធសប្តាហ៍នេះដើម្បីបណ្ដេញនាវានោះ ចេញពីតំបន់ក្បែរក្រុង Sevastopol។

ជុំវិញបញ្ហានេះ ភាគីអង់គ្លេសបានបដិសេធ ដោយទទូចថានាវារបស់ខ្លួនមិនត្រូវបានបណ្តេញចេញទេ ដោយគូសបញ្ជាក់ថា នាវានោះកំពុងបើកនៅលើដែនទឹកអ៊ុយក្រែន៕