(ម៉ូស្គូ)៖ មជ្ឍមណ្ឌលត្រួតពិនិត្យ និងឆ្លើយតបជំងឺឆ្លងរុស្ស៊ីបានរាយការណ៍ឲ្យដឹងថា ប្រទេសរុស្ស៉ីបានកត់ត្រាករណីថ្មី នៃឆ្លងកូវីដ១៩ ចំនួន ២០,១៨២ករណីក្នុងរយៈពេល ២៤ម៉ោងកន្លងចុងក្រោយនេះ ដែលជាការកើនឡើងករណីឆ្លងប្រចាំថ្ងៃខ្ពស់បំផុតចាប់តាំងពីថ្ងៃទី២៤ ខែមករាមក។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែមិថុនា ឆ្នាំ២០២១។

នៅថ្ងៃជាមួយគ្នានេះ រុស្ស៊ីក៏បានរកឃើញអ្នកស្លាប់ថ្មីដោយសារជំងឺដ៏កាចសាហាវនេះចំនួន ៥៦៨នាក់ទៀតផងដែរ។

ទីក្រុងមូ៉ស្គូដែលជាតំបន់ដែលរងគ្រោះខ្លាំងជាងគេបង្អស់របស់ប្រទេសរុស្ស៊ីបានរាយការណ៍ថា មានករណីថ្មីចំនួន ៨,៥៩៨ ករណី ដែលធ្វើឲ្យចំនួនករណីឆ្លងសរុបនៅទូទាំងទីក្រុងមួយនេះបានកើនឡើងដល់ ១,៣១៥,៨៤១ករណី។

សរុបមមកវិញ នៅទូទាំងប្រទេសរុស្ស៊ីមានអ្នកឆ្លង ៥,៣៨៨,៦៩៥ករណី ក្នុងនោះស្លាប់ ១៣១,៤៦៣នាក់៕