(ហាណូយ)៖ ក្រសួងសុខាភិបាលប្រទេសវៀតណាម បានប្រកាសរកឃើញករណីឆ្លងថ្មី នៃជំងឺកូវីដ១៩ ចំនួន២៨៥ករណីបន្ថែមទៀត ក្នុងនោះ ២៧៩ករណីជាករណីឆ្លងសហគមន៍ និង០៦ករណីទៀតជាករណីនាំចូល។ នេះបើតាមតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Viet Nam News នៅយប់ថ្ងៃព្រហស្បតិ៍ ទី២៤ ខែមិថុនា ឆ្នាំ២០២១។

ក្នុងចំណោមករណីសហគមន៍នៅថ្ងៃព្រហស្បតិ៍នេះ ទីក្រុងហូជីមីញនៅតែអ្នករ៉ាប់រ៉ងច្រើនជាងគេ ជាមួយការរកឃើញករណីឆ្លងថ្មីចំនួន ១៦២នាក់ ខណៈដែលទីក្រុងមួយនេះបានសម្រេចរឹតត្បិតវិធានការសុខាភិបាលបន្ថែមកម្រិតទៀត ដោយហាមឃាត់ការជួបជុំគ្នាដែលមានគ្នាលើសពី០៣នាក់ និងរក្សាគម្លាតពីគ្នាឲ្យមាន១.៥ម៉ែតនៅតាមទីសាធារណៈ ក៏ដូចជាហាមចេញក្រៅផ្ទះលើកលែងតែមានកិច្ចការចាំបាច់។

ចំណែកតំបន់ដែលរកឃើញករណីឆ្លងថ្មីៗច្រើនដែរនោះ រួមមានខេត្ត Binh Duong ចំនួន២៧នាក់, ខេត្ត Bac Giang ចំនួន២៨ករណី, ខេត្ត Nghệ An ចំនួន០៥នាក់, ទីក្រុង Đà Nẵng ចំនួន២០ករណី, ខេត្ត Tiền Giang ចំនួនន ០៩ករណី, ខេត្ត Phú Yên ចំនួន ០៨ករណី, ខេត្ត Bắc Ninh ចំនួន ០៧ករណី។ ក្រៅពីនោះនៅតាមខេត្តផ្សេងៗដែលមានមួយ ឬពីរកណី។

គួរបញ្ជាក់ថា នៅថ្ងៃជាមួយគ្នានេះវៀតណាមក៏រកឃើញនៅអ្នកស្លាប់ដោយសារជំងឺដ៏កាចសាហាវនេះពីរនាក់ទៀតផងដែរ។សរុបមកវិញ គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសកើនដល់ចំនួន ១៤,២៣២នាក់ ក្នុងនោះស្លាប់៧២នាក់៕