(វៀងច័ន្ទន៍)៖ ក្រសួងសុខាភិបាលឡាវ មានគម្រោងចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ជូនដល់ប្រជាជននៅទីក្រុងវៀងច័ន្ទន៍ (Vientiane) ឱ្យបានប្រមាណ៨០ភាគរយនៅចុង ២០២១ឆ្នាំនេះ ដើម្បីបង្កើតភាពស៊ាំជាសហគមន៍ប្រឆាំងនឹងជំងឺឆ្លងរាតត្បាតដ៏កាចសាហាវនេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៉ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែមិថុនា ឆ្នាំ២០២១។
បើតាមរបាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានឡាវ គិតត្រឹមថ្ងៃព្រហស្បតិ៍ ប្រជាជនជាង ២៦០,០០០នាក់ហើយនៅទីក្រុងវៀងច័ន្ទន៍ ដែលបានទទួលការចាក់វ៉ាក់សាំង យ៉ាងហោចណាស់ ០១ដូស ដោយប្រើប្រាស់វ៉ាក់សាំងដែលអភិវឌ្ឍឡើងដោយក្រុមហ៊ុនចិន Sinopharm, ក្រុមហ៊ុនអាមេរិក Pfizer និងក្រុមហ៊ុនអង់គ្លេស AstraZeneca។
ទន្ទឹមនឹងនេះ ក្រសួងសុខាភិបាលឡាវ ក៏មានគម្រោងចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ជូនដល់ប្រជាជនរបស់ខ្លួនឱ្យបានប្រមាណ ៥០ភាគរយក្នុងចំណោមប្រជាជនសរុបជាង ៧.៣៨លាននាក់ក្នុងកំលុងពេលដូចគ្នាដែរ។
គួរបញ្ជាក់ថា រហូតមកដល់ពេលនេះប្រទេសឡាវ បានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេស ២,០៨០ករណី ក្នុងនោះមានអ្នកស្លាប់ ០៣នាក់ និងអ្នកជាសះស្បើយ ១,៩៦២នាក់៕