(បាងកក)៖ អតីតនាយទាហានម្នាក់ បានធ្វើសកម្មភាពបាញ់ប្រហារ នៅឯទីតាំងព្យាបាលជំងឺ COVID-19 មួយកន្លែងក្នុងប្រទេសថៃ នាថ្ងៃព្រហស្បតិ៍នេះ បណ្តាលឲ្យអ្នកជំងឺអាយុ ៥៤ឆ្នាំម្នាក់បាត់បង់ជីវិត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែមិថុនា ឆ្នាំ២០២១។
ប៉ូលិសថៃបានឲ្យដឹងថា ជនសង្ស័យម្នាក់នោះដែលមានអាយុ ២៣ឆ្នាំបានជឿថា អ្នកជំងឺទាំងឡាយដែលស្ថិតក្នុងកន្លែងសម្រាកព្យាបាលខាងលើ នៅខេត្ត ផាថុម ថានី (Pathum Thani) ជាប់ទីក្រុងបាងកក សុទ្ធតែជនអ្នកញៀនថ្នាំ។ បើតាមលទ្ធផលនៃការស៉ើបអង្កេតជាបឋម ករណីបាញ់ប្រហារបានកើតឡើង ដោយសារតែជនសង្ស័យនោះ ស្អប់ខ្ពើមអ្នកញៀនថ្នាំ។
សម្រាប់កន្លែងកើតហេតុខាងលើនេះ ពីដំបូងឡើយធ្លាប់ជា មជ្ឈមណ្ឌលបន្សាបគ្រឿងញៀន ប៉ុន្តែក្រោយមកត្រូវបានប្រែក្លាយឲ្យទៅជា កន្លែងសម្រាប់ព្យាបាលអ្នកជំងឺ COVID-19។ មុនពេលបាញ់ប្រហារនៅកន្លែងព្យាបាល COVID-19 ជនសង្ស័យក៏បានបាញ់សម្លាប់បុគ្គលិកហាងម៉ាតមួយកន្លែង នៅទីក្រុងបាងកកដដែលផងដែរ ដោយសារជម្លោះ។ ខណៈនេះ ជនសង្ស័យកំពុងស្ថិតក្រោមការឃុំខ្លួន នៅទីបញ្ជាការប៉ូលិស។
គួរបញ្ជាក់ដែរថា កាលពីខែកុម្ភៈ ឆ្នាំ២០២០ ទាហានម្នាក់បានធ្វើសកម្មភាពបាញ់ប្រហារយ៉ាងកក្រើក នៅក្នុងប្រទេសថៃ បណ្តាលឲ្យមនុស្ស ២៩នាក់ស្លាប់៕