(កាប៊ុល)៖ វិមានប្រធានាធិបតីអាហ្វហ្គានីស្ថាន បានបញ្ជាក់នៅថ្ងៃព្រហស្បតិ៍នេះថា ប្រធានាធិបតីអាហ្វហ្គានីស្ថាន លោក ម៉ូហាំម៉េដ អាស្រាហ្វ ហ្គានី (Mohammad Ashraf Ghani) បានចាកចេញទៅកាន់សហរដ្ឋអាមេរិកហើយ កាលពីយប់ថ្ងៃពុធម្សិលមិញនេះ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានចិន ស៉ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែមិថុនា ឆ្នាំ២០២១។
វិមានប្រធានាធិបតីអាហ្វហ្គានីស្ថាន បានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា កំឡុងពេលស្នាក់នៅសហរដ្ឋអាមេរិក លោក ម៉ូហាំម៉េដ អាស្រាហ្វ ហ្គានី (Mohammad Ashraf Ghani) នឹងជួបជាមួយប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden), សមាជិកសភាអាមេរិក ក៏ដូចជាបុគ្គលដែលមានឥទ្ធិពលដទៃទៀតផងដែរ។
សេចក្តីថ្លែងការណ៍ដដែល បានគូសបញ្ជាក់បន្ថែមថា ប្រធានាធិបតីអាហ្វហ្គានីស្ថាន នឹងពិភាក្សាគ្នាជាមួយប្រធានាធិបតីអាមេរិក អំពីជំពូកថ្មីក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ, ការពង្រឹងទំនាក់ទំនងការទូត និងការគាំទ្រដល់កងកម្លាំងសន្តិសុខ និងការពារជាតិអាហ្វហ្គានីស្ថាន (ANDSF)។ ភាគីទាំងពីរ ក៏នឹងពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការរបស់សហរដ្ឋអាមេរិក នៅក្នុងវិស័យសេដ្ឋកិច្ច និងការអភិវឌ្ឍរបស់ប្រទេសអាហ្វហ្គានីស្ថាន ព្រមទាំងការប្រយុទ្ធរួមគ្នាប្រឆាំងនឹងអំពើភេរវកម្មផងដែរ។
សេចក្តីថ្លែងការណ៍នោះ បានកត់សម្គាល់ថា ប្រធានាធិបតីអាហ្វហ្គានីស្ថាន ត្រូវបានអមដំណើរដោយអនុប្រធានាធិបតីទី១ នៃប្រទេសអាហ្វហ្គានីស្ថាន លោក អាមរូលឡា សាលេ (Amrullah Saleh), ប្រធានឧត្តមក្រុមប្រឹក្សាអាហ្វហ្គានីស្ថានសម្រាប់ការផ្សះផ្សាជាតិ លោក អាប់ឌុលឡោះ អាប់ឌុលឡោះ (Abdullah Abdullah), រដ្ឋមន្ត្រីការបរទេសអាហ្វហ្គានីស្ថាន លោក ម៉ូហាំម៉េដ ហានីហ្វ អាតម៉ា (Mohammad Haneef Atmar) និងទីប្រឹក្សាសន្តិសុខជាតិអាហ្វហ្គានីស្ថាន លោក ហាមឌូឡោះ ម៉ូហ៉ីប (Hamdullah Mohib)។
គួរបញ្ជាក់ ដំណើរទស្សនកិច្ចនេះ កើតឡើងចំពេលកងទ័ពអាមេរិក និងកងទ័ពអង្គការណាតូ (NATO) កំពុងត្រូវដកចេញពីអាហ្វហ្គានីស្ថាន ជាប្រទេសដែលហែកហួរដោយសង្គ្រាមរាប់សិបឆ្នាំមកហើយនេះ៕