(បាងកក)៖ បាតុកររាប់រយនាក់បានប្រមូលផ្តុំគ្នានៅទីក្រុងបាងកក នាថ្ងៃព្រហស្បតិ៍នេះ ដើម្បីទាមទារឲ្យរដ្ឋាភិបាលថៃ លាលែងពីតំណែង ដោយមិនស្តាប់តាមការព្រមានពីអាជ្ញាធរ អំពីការកើនឡើងនៃករណីឆ្លងជំងឺ COVID-19។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែមិថុនា ឆ្នាំ២០២១។
ការធ្វើសកម្មភាពបាតុកម្មនេះកើតមាន ចំពេលខួបទី៨៩ នៃចលនាបដិវត្តន៍សៀមឆ្នាំ១៩៣២ ដែលបានប្រែក្លាយប្រទេសថៃ ពីការស្ថិតក្រោមរបបរាជានិយមដាច់ខាត ទៅជារបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ។ កាលពីកំលុង៦ខែចុងក្រោយនៃឆ្នាំ២០២០ បាតុកម្មក៏កើតមានឡើងជាញឹកញាប់ នៅទីក្រុងបាងកកផងដែរ ប៉ុន្តែវាបានថមថយទៅវិញ ក្រោយការរាតត្បាត COVID-19 និងការចាប់ខ្លួនក្រុមមេដឹកនាំចលនាបាតុកម្ម។
បន្ថែមពីនេះ នៅចំពោះមុខរលកឆ្លងរាលដាលលើកទី៣ ដែលបានចាប់ផ្តើមកាលពីខែមេសាកន្លងទៅ អាជ្ញាធរថៃបានរឹតត្បិតការប្រមូលផ្តុំ នៅតាមទីសាធារណៈ ខណៈករណីឆ្លង COVID-19 ប្រចាំថ្ងៃ ស្ថិតនៅខ្ទង់ពាន់នាក់ ហើយក៏មានអ្នកជំងឺស្លាប់រាប់សិបនាក់ ជារៀងរាល់ថ្ងៃផងដែរ។
គួរបញ្ជាក់ថា ទោះអាជ្ញាធរបានព្រមានអំពី COVID-19 ក៏ដោយ នៅថ្ងៃពុធនេះ មនុស្សរាប់រយនាក់ បាននាំគ្នាប្រមូលផ្តុំនៅទីតាំងវិមានប្រជាធិបតេយ្យ ក្នុងទីក្រុងបាងកក ហើយដង្ហែឆ្ពោះទៅវិមានសភានៃប្រទេសថៃ ដើម្បីសម្តែងការតវ៉ាចំពោះការកាន់អំណាចរបស់នាយករដ្ឋមន្រ្តី លោក ប្រាយុទ្ធ ចាន់អូចា ដែលបានឡើងកាន់អំណាចដំបូង តាមរយៈរដ្ឋប្រហារឆ្នាំ២០១៤។ ទន្ទឹមគ្នានេះ ក៏មានការគ្រោងធ្វើបាតុកម្ម នៅតាមតំបន់ផ្សេងទៀតនៃប្រទេសថៃផងដែរ រួមានតាំងពីនៅខេត្ត Chiang Mai ភាគខាងជើងប្រទេស រហូតដល់នៅខេត្ត Nakhon Si Thammarat ភាគខាងត្បូងប្រទេស៕