Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្ត្រីការបរទេសអាមេរិក និងចិន «គ្មានផែនការជួបពិភាក្សាទ្វេភាគី» នៅក្នុងឱកាសកិច្ចប្រជុំ G20 នោះឡើយ

24-06-2021 13:11

(វ៉ាស៊ីនតោន)៖ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៃបណ្តាប្រទេស G20 នឹងប្រព្រឹត្តទៅនៅប្រទេសអ៊ីតាលី នាសប្តាហ៍ក្រោយនេះហើយ ដោយរដ្ឋមន្ត្រីការបរទេសអាមេរិកលោក អាន់តូនី ប្លីងគែន (Antony Blinken) និងរដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី ក៏នឹងបង្ហាញវត្តមាននៅទីនោះដែរ។ ទោះជាបែបនេះក្តី ជំនួបទ្វេភាគីរវាងមន្ត្រីជាន់ខ្ពស់ នៃប្រទេសមហាអំណាចទាំងពីរនេះ ត្រូវបានគេបញ្ជាក់ថា គ្មានផែនការរៀបចំនោះឡើយ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នារសៀលថ្ងៃព្រហស្បតិ៍ ទី២៤ ខែមិថុនា ឆ្នាំ២០២១។

មន្ត្រីសេតវិមានទីក្រុងវ៉ាស៊ីនតោន បានឆ្លើយតបទៅនឹងសេចក្តីរាយការណ៍នានា ពាក់ព័ន្ធបញ្ហាខាងលើនេះថា «ពុំមានផែនការរៀបចំកិច្ចប្រជុំរវាងលោក ប្លីងគែន និងលោក វ៉ាង នៅក្នុងឱកាសនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី G20 នៅពេលខាងមុខនេះឡើយ»។ ទោះជាយ៉ាងណា មន្ត្រីសេតវិមានទីក្រុងវ៉ាស៊ីនតោន ធ្លាប់់បានបញ្ជាក់ម្តងរួចមកហើយថា អនុរដ្ឋមន្ត្រីការបរទេសអាមេរិកលោកស្រី វែនឌី ហ្សឺមែន (Wendy Sherman) នឹងបំពេញទស្សនកិច្ចនៅប្រទេសចិន នៅរដូវក្តៅឆ្នាំ២០២១នេះ ប៉ុន្តែពេលវេលាជាក់លាក់តែម្តងនោះ គឺមិនទាន់ត្រូវបានបង្ហើបនោះឡើយ។

គួរបញ្ជាក់ថា សេតវិមានក៏បានរៀបចំកិច្ចប្រជុំផ្ទៃក្នុង មួយចំនួនរួចមកហើយដែរ ដើម្បីពិភាក្សាថា តើគួរបញ្ជូនរដ្ឋមន្ត្រីការបរទេសអាមេរិកលោក អាន់តូនី ប្លីងគែន ឬទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក ចេក ស៊លលីវែន ( Jake Sullivan) ឲ្យទៅបំពេញទស្សនកិច្ចនៅប្រទេសចិន នាប៉ុន្មានខែខាងមុខ ដើម្បីត្រៀមរៀបចំជំនួបទ្វេភាគី រវាងប្រធានាធិបតីអាមេរិកលោក ចូ បៃដិន និងប្រធានាធិបតីចិនលោក ស៊ី ជិនពីង ដាច់ដោយឡែកពីកិច្ចប្រជុំកំពូល មៃមេដឹកនាំប្រទេស G20 ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី នៅខែតុលា ឆ្នាំ២០២១៕