(វ៉ាស៉ីនតោន)៖ មន្រ្តីសេតវិមានម្នាក់បានឲ្យដឹងថា សហរដ្ឋអាមេរិកនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ នឹងចាប់ផ្តើមដឹកជញ្ជូនវ៉ាក់សាំងបង្ការជំងឺ COVID-19 ផលិតដោយក្រុមហ៊ុន Johnson & Johnson ចំនួន «៣លានដូស» ទៅកាន់ប្រេស៊ីល ជាប្រទេសដែលមានចំនួនអ្នកស្លាប់ ដោយសារជំងឺឆ្លងរាតត្បាតដ៏កាចសាហាវនេះ ខ្ពស់បំផុតលំដាប់ទី ២ នៅលើពិភពលោក។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Reuters នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ ខែមិថុនា ឆ្នាំ២០២១។
មន្រ្តីរូបនោះបានគូសបញ្ជាក់ថា ការដឹកជញ្ជូនដែលជាផ្នែកមួយ នៃកិច្ចសន្យារបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការបរិច្ចាគវ៉ាក់សាំងចំនួន ៨០លានដូស នឹងចាកចេញពីទីក្រុង ហ្វត ឡូដឺដាល (Fort Lauderdale) នៃរដ្ឋផ្លូរីដា (Florida) សហរដ្ឋអាមេរិក តាមជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ អាហ្សាល់ (Azul) នៅល្ងាចថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) ដោយធ្វើដំណើរឆ្ពោះទៅកាន់ទីក្រុង ខេភីណាស៍ (Campinas) ជាទីក្រុងមួយដែលស្ថិតនៅភាគអាគ្នេយ៍ប្រទេសប្រេស៊ីល ដែលមានចម្ងាយប្រមាណ ១០០គីឡូម៉ែត្រពីទីក្រុង សៅ ប៉ូឡូ (Sao Paulo)។
គួរបញ្ជាក់ថា ការបរិច្ចាគនេះបានកើតឡើង ស្របពេលប្រទេសប្រេស៊ីល នៅតែបន្តព្យាយាមប្រយុទ្ធប្រឆាំងនឹង ជំងឺឆ្លងរាតត្បាតដ៏កាចសាហាវនេះដដែល ដែលវាបានឆក់យកជីវិតមនុស្សជាងកន្លះលាននាក់ និងបានធ្វើឱ្យវិបត្តិនយោបាយរបស់ប្រទេសនេះ កាន់ដុនដាបខ្លាំងទៅៗ នៅមុនការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅឆ្នាំ២០២២ ដែលបានបង្កឱ្យមានភាពវឹកវរនៅទូទាំងប្រទេស៕