(ម៉ូស្គូ)៖ ទីផ្សារងងឹតនៅក្នុងការចេញវិញ្ញាបនប័ត្របញ្ជាក់ការចាក់វ៉ាក់សាំងក្លែងក្លាយ កំពុងរីកដុះដាលក្នុងប្រទេសរុស្ស៊ី បន្ទាប់ពីអាជ្ញាធរទីក្រុងមូស្គូបានបញ្ជាឱ្យមន្ត្រីសាធារណៈទាំងអស់ ត្រូវចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ១៩។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅយប់ថ្ងៃពុធ ទី២៣ ខែមិថុនា ឆ្នាំ២០២១។
វាជារឿងងាយស្រួលក្នុងការស្វែងរកការផ្សាយពាណិជ្ជកម្ម សម្រាប់ការចេញវិញ្ញាបនបត្រក្លែងក្លាយខុសច្បាប់នៅលើកម្មវិធីតេឡេក្រាម ដែលកម្មវិធីផ្ញើសារទាំងនេះផ្តោតលើជនជាតិរុស្ស៊ីដែលមិនចាក់វ៉ាក់សាំង ប៉ុន្តែចង់រក្សាការងាររបស់ពួកគេ ខណៈតម្លៃនៃការចេញវិញ្ញាបនបត្រទាំងនេះកំពុងកើនឡើងយ៉ាងឆាប់រហ័ស ហើយតម្រូវការហាក់ដូចជាកំពុងកើនឡើង។
គួរបញ្ជាក់ថា តំបន់មូ៉ស្គូ និងតំបន់ជាច្រើននៃប្រទេសរុស្ស៊ីបានប្រើវិធានការតឹងរឹង ដើម្បីលើកទឹកចិត្តប្រជាជនឱ្យទទួលការចាក់វ៉ាក់សាំង ខណៈករណីឆ្លងថ្មីនៅក្នុងប្រទេសបានកើនឡើងយ៉ាងគួរឲ្យបារម្ភ ដែលត្រូវបានគេស្តីបន្ទោសទៅលើវីរុសបម្លែងខ្លួនថ្មី Delta។
វិមានក្រឹមឡាំងបានព្រមានថា ប្រជាជនដែលមិនបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នឹងមិនអាចធ្វើការនៅគ្រប់កន្លែងធ្វើការក្នុងប្រទេសរុស្ស៊ីបានទេ ហើយប្រជាជនទាំងនោះអាចត្រូវបានគេរើសអើងផងដែរ៕