(សេអ៊ូល)៖ រដ្ឋមន្រ្តីក្រសួងការបរទេសកូរ៉េខាងជើងលោក Ri Son Gwon បាននិយាយនៅថ្ងៃពុធនេះថា ប្រទេសកូរ៉េខាងជើងមិនបានពិចារណាអំពីទំនាក់ទំនងណាមួយជាមួយសហរដ្ឋអាមេរិកនោះទេ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅយប់ថ្ងៃពុធ ទី២៣ ខែមិថុនា ឆ្នាំ២០២១។
លោក Ri បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលត្រូវបានធ្វើឡើងនៅលើប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA ថា «យើងមិនបានពិចារណាសូម្បីតែលទ្ធភាព នៃការទាក់ទងជាមួយសហរដ្ឋអាមេរិកនៅពេលនេះ»។
ការអត្ថាធិប្បាយនេះត្រូវបានធ្វើឡើង បន្ទាប់ពីប្រេសិតថ្មីរបស់សហរដ្ឋអាមេរិកសម្រាប់កូរ៉េខាងជើងបាននិយាយនៅក្នុងទីក្រុងសេអ៊ូល កាលពីថ្ងៃចន្ទសប្តាហ៍នេះថា លោកទន្ទឹងរង់ចាំការឆ្លើយតបជាវិជ្ជមាននាពេលឆាប់ៗនេះ ស្តីពីកិច្ចពិភាក្សាជាមួយក្រុងព្យុងយ៉ាង។
គួរបញ្ជាក់ថា កម្មវិធីអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង គឺជាបញ្ហាដែលមិនអាចដោះស្រាយបានសម្រាប់ទីក្រុងវ៉ាស៊ីនតោនអស់រយៈពេលជាច្រើនឆ្នាំហើយ។ ក្នុងការព្យាយាមផ្លាស់ប្តូរ រដ្ឋបាលរបស់ប្រធានាធិបតី Joe Biden បានធ្វើការពិនិត្យគោលនយោបាយឡើងវិញ ហើយបាននិយាយថា ខ្លួននឹងស្វែងរកវិធី «ធ្វើឱ្យប្រសើរឡើងនិងជាក់ស្តែង» ដើម្បីបញ្ចុះបញ្ចូលក្រុងព្យុងយ៉ាងឱ្យមានការរំសាយអាវុធនុយក្លេអ៊ែរ។
កាលពីថ្ងៃអង្គារសប្តាហ៍នេះ ប្អូនស្រីបង្កើតរបស់មេដឹកនាំកូរ៉េខាងជើងលោកគីម ជុងអ៊ុនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សហរដ្ឋអាមេរិកហាក់ដូចជាកំពុងបកស្រាយសញ្ញាពីកូរ៉េខាងជើងក្នុងផ្លូវខុស។
លោកស្រី គីម យ៉ូជុង បានប្រតិកម្មខាងលើជាការឆ្លើយតបទៅនឹងទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក Jake Sullivan ដែលកាលពីថ្ងៃអាទិត្យបាននិយាយថា លោកបានមើលឃើញសញ្ញាគួរឱ្យចាប់អារម្មណ៍មួយ ចំពោះសុន្ទរកថាថ្មីៗនេះរបស់លោក គីម ជុងអ៊ុន ស្តីពីទំនាក់ទំនងការទូតជាមួយសហរដ្ឋអាមេរិក៕