(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិននឹងត្រូវជួបជាមួយប្រធានាធិបតីអាហ្វហ្គានីស្ថាន លោក អាសរ៉ាហ្វ ហ្គានី (Ashraf Ghani) និងប្រធានឧត្ដម ក្រុមប្រឹក្សាអាហ្វហ្គានីស្ថានសម្រាប់ការផ្សះផ្សាជាតិ លោក អាប់ឌុលឡោះ អាប់ឌុលឡោះ (Abdullah Abdullah) នៅឯសេតវិមាននៅថ្ងៃសុក្រសប្ដាហ៍នេះដើម្បីពិភាក្សាគ្នា ពីការដកកងទ័ពអាមេរិក ខណៈការវាយប្រយុទ្ធរវាងក្រុមតាលីបង់ និងកងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថាន កើនឡើងរឹតតែខ្លាំងនៅទូទាំងប្រទេស។

នៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយកាលពីថ្ងៃអាទិត្យសប្ដាហ៍មុន សេតវិមានបានបញ្ជាក់ថានៅក្នុងជំនួបទល់មុខជាលើកដំបូង លោក បៃដិននឹងធានាចំពោះលោក Ghani និងលោក Abdullah ពីការប្ដេជ្ញាចិត្ត និងការគាំទ្ររបស់សហរដ្ឋអាមេរិកដល់ប្រជាជនអាហ្វហ្គានីស្ថាន ក្នុងនោះរួមទាំងផ្នែកការទូត, សេដ្ឋកិច្ច, និងជំនួយមនុស្សធម៌ ហើយ លោកប្រធានាធិបតីអាមេរិកក៏នឹងសន្យាជាថ្មីផងដែរក្នុងការធានាមិនឱ្យអាហ្វហ្គានីស្ថានក្លាយជាឋានសួគ៌សម្រាប់ពួកភេរវករ ឬក្រុមប្រដាប់អាវុធខុសច្បាប់។

ក៏ប៉ុន្តែជំនួបនៅថ្ងៃសុក្រសប្ដាហ៍នេះត្រូវបានគេរំពឹងថានឹងមិនអាចកែប្រែការសម្រេចចិត្តដកកងទ័ពអាមេរិកចេញពីអាហ្វហ្គានីស្ថានរបស់លោក ចូ បៃដិន បាននោះទេ។

*សម្រោលវៀតណាមខាងត្បូង?

ចាប់តាំងពីលោក បៃដិនប្រកាសបញ្ចប់សង្គ្រាមរយៈពេល ២០ឆ្នាំ តាមរយៈការដកកងទ័ពអាមេរិកដែលនៅសល់ជាង ៣,៥០០នាក់ចេញពីអាហ្វហ្គានីស្ថានឱ្យបានមុន ថ្ងៃទី១១ ខែកញ្ញា ក្រុមតាលីបង់បានបង្កើនការវាយប្រយុទ្ធជារៀងរាល់ថ្ងៃ លើកងកម្លាំងរដ្ឋាភិបាលទីក្រុងកាប៊ុល និងបានដណ្ដើមគ្រប់គ្រងស្រុកចំនួន៤០។ ជាពិសេស កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ក្រុមតាលីបង់បានវាយកាន់កាប់ស្រុកដ៏សំខាន់មួយ នោះគឺស្រុក អ៉ីមុំា សាហ៊ីប (Imam Sahib) នៅក្នុងខេត្ត Kunduz ស្ថិតនៅភាគខាងជើងនៃប្រទេស។

ក្រុមមេបញ្ជាការអាមេរិកទាំងកំពុងកាន់តំណែង និងចូលនិវត្តន៍បានព្រមានថារដ្ឋាភិបាលលោក Ashraf Ghani អាចនឹងប្រឈមមុខនឹងការដួលរលំ ហើយក្រុមតាលីបង់ នឹងឡើងមកគ្រប់គ្រងអាហ្វហ្គានីស្ថានសាជាថ្មី នៅពេលកងទ័ពអាមេរិក និងកងទ័ព NATO ដកចេញទាំងស្រុង។ លើសពីនេះទៅទៀត អតីតយុទ្ធជនអាមេរិកសម័យ សង្រ្គាមវៀតណាមខ្លះថែមទាំងបានប្រដូចការសម្រេចចិត្តរបស់លោក បៃដិន ទៅនឹងការសម្រេចចិត្តរបស់អតីតប្រធានាធិបតីអាមេរិក លោក រីឆាដ និចសុន (Richard Nixon) ក្នុងការដកកងទ័ពអាមេរិកចេញពីវៀតណាមកាលពីឆ្នាំ១៩៧៣។

នៅក្នុងសង្គ្រាមវៀតណាមកងទ័ពអាមេរិកច្រើនជាង ៥៨,០០០នាក់បានពលីជីវិត ធៀបទៅនឹងកងទ័ពអាមេរិកជាង ២,៤៤៨នាក់ដែលបានស្លាប់នៅក្នុងសង្រ្គាមរយៈពេល២០ឆ្នាំ នៅអាហ្វហ្គានីស្ថាន។ តែពិតមែនទៅ វាក៏មានភាពខុសគ្នាច្រើនរវាងវៀតណាមខាងត្បូង និងអាហ្វហ្គានីស្ថានដែរ នោះគឺអាហ្វហ្គានីស្ថានមិនស្ថិតនៅក្រោមការគំរាមកំហែងភ្លាមៗពីប្រទេសជិតខាងដែលចាំដុតបញ្ឆេះភាពវឹកវរនោះទេ។ កងទ័ពអាមេរិកនៅសល់ក្នុងប្រទេសអាហ្វហ្គានីស្ថានមានប្រហែលជា ៣,៥០០នាក់ បូករួមទាំងកងទ័ព ៧,០០០នាក់ ដែលភាគច្រើនមកពីបណ្ដាប្រទេសជាសមាជិក NATO និងអូស្រ្តាលី។

បើមើលមួយភ្លែត ចំនួនកងទ័ពនេះគឺតិច តែបើបូករួមជាមួយកងកម្លាំងរដ្ឋាភិបាលអាហ្វហ្គានីស្ថា ន នោះពួកគេមានកម្លាំងគ្រប់គ្រាន់អាចប្រយុទ្ធជាក្រុមសកម្មប្រយុទ្ធសកម្ម របស់តាលីបង់ជាង ៣,០០០នាក់ និងក្រុមសកម្មប្រយុទ្ធមិនសូវសកម្ម ៧,០០០នាក់ទៀត។ ដោយឡែក ជាការប្រៀបធៀប លោក និចសុនបានដកកងទ័ពអាមេរិក ៦៩,០០០នាក់ចេញពីវៀតណាមខាងត្បូង ខណៈដឹងថាវៀតណាមខាងជើងមានកងទ័ពច្រើនជាង ១៥០,០០០នាក់នៅតាមតំបន់ព្រំដែនវៀតណាមខាងត្បូង បូករួម ទាំងកងទ័ពកុម្មុយនិស្ដវៀតកុងផងដែរ។

នៅក្រោយអាមេរិកដកកងទ័ពចេញទាំងស្រុង ទីក្រុងសៃហ្គន (Saigon) បានធ្លាក់ចូលទៅក្នុងដៃពួកកុម្មុយនិស្ដវៀតណាមខាងជើងនៅឆ្នាំ១៩៧៥ ហើយមួយឆ្នាំក្រោយមក វៀតណាមខាងត្បូងទាំងមូលបានធ្លាក់ចូលដៃវៀតណាមខាងជើងជាផ្លូវការ។ ក្រុមអ្នកប្រវត្តិសាស្ត្រភាគច្រើនមិនយល់ថាអាមេរិកចាញ់សង្រ្គាមនៅវៀតណាមដោយសារ កម្លាំងទ័ពឡើយ តែអាមេរិកចាញ់ដោយសារហេតុផលនយោបាយនៅក្នុងស្រុក នោះគឺប្រជាជនអាមេរិកភាគច្រើនមិនគាំទ្រសង្រ្គាមនៅវៀតណាម ឬឥណ្ឌូចិន។

ប៉ុន្តែអ្វីដែលគេមិនអាចប្រកែកបាន សហរដ្ឋអាមេរិកបានបោះបង់ចោលសម្ពន្ធមិត្តខ្លួនឯង ហើយជាលទ្ធផល វៀតណាមខាងត្បួង, កម្ពុជា និងឡាវនៅពេលនោះបានធ្លាក់ទៅ ក្នុងដៃពួកកុម្មុយនិស្ដ។ លោក ដុន នីកូឡាស (Don Nicholas) ជាអតីតទាហានម៉ារីនអាមេរិកម្នាក់ដែលធ្លាប់ប្រឡូកទាំងក្នុងសង្រ្គាមវៀតណាម និងនៅអាហ្វហ្គានីស្ថាន បានប្រាប់កាសែតអាមេរិក Wall Street Journal កាលពីខែមេសាកន្លងទៅថារឿងដែលធ្លាប់បានកើតឡើងនៅវៀតណាម ហាក់ដូចជាកំពុងកើតឡើងជាថ្មីនៅ អាហ្វហ្គានីស្ថាន។ «អ្វីដែលបានកើតឡើងនៅវៀតណាម កំពុងកើតឡើងជាថ្មីនៅទីនេះ (អាហ្វហ្គានីស្ថាន)...ពួកគេ (រដ្ឋបាលលោក បៃដិន) បាននិយាយថាយើងបាន ធ្វើរឿងមួយដ៏អស្ចារ្យ...តែខ្ញុំនិយាយថាយើងមិនទាន់សម្រេចបានអ្វីទាល់តែសោះ»។

* តើតាលីបង់នឹងពង្រីកទឹកដីកាន់កាប់ដែរឬទេ?

ជាការពិតណាស់ បើតាមក្រុមអ្នកជំនាញភាគច្រើន ក្រុមតាលីបង់នឹងពង្រីកការគ្រប់គ្រងទឹកដីរបស់ខ្លួននៅតំបន់ភាគខាងត្បូង និងភាគខាងកើតប្រទេសអាហ្វហ្គានីស្ថាន ជាទីដែលក្រុមសកម្មប្រយុទ្ធមួយនេះកំពុងមានសកម្មភាពខ្លាំងក្លា។ ក្រុមតាលីបង់បានសន្យាមិនវាយប្រហារលើសហរដ្ឋអាមេរិក តែមិនបានសន្យាថានឹងមិនវាយប្រហារលើ រដ្ឋាភិបាលទីក្រុងកាប៊ុលនោះឡើយ។

ដោយមានជំនួយពីការវាយប្រហារតាមផ្លូវអាកាសពីសហរដ្ឋអាមេរិក កងកម្លាំងរដ្ឋាភិបាលអាហ្វហ្គានីស្ថានមានសមត្ថភាពការពារទីក្រុងជាច្រើន តែបើគ្មានអាមេរិកលូកដៃ ការបន្តគ្រប់គ្រងទីក្រុង ឬទឹកដីដែលនៅសេសសល់ប្រហែលជានឹងមិនអាចទៅរួចទេ។ ទីក្រុងដំបូងគេដែលអាចនឹងធ្លាក់ចូលក្នុងដៃរបស់តាលីបង់ នោះអាចជាទីក្រុង Kandahar ដែលកំពុងស្ថិតនៅក្រោមការឡោមព័ទ្ធស្រាប់ពីសំណាក់ក្រុមសកម្មប្រយុទ្ធមួយនេះ។

ក្រុមតាលីបង់មិនមែនកំពុងគ្រប់គ្រងអាហ្វហ្គានីស្ថានទាំងស្រុងទេ។ ពោលគឺអ្នកដែលគ្រប់គ្រងរដ្ឋធានីកាប៊ុល ទើបជាអ្នកគ្រប់គ្រងអាហ្វហ្គានីស្ថាន ដូច្នេះរដ្ឋធានីកាប៊ុល អាចនឹងក្លាយជាគោលដៅបន្ទាប់របស់ពួកគេក៏ថាបាន នៅពេលអាមេរិកដកទ័ពចេញទាំងស្រុង។ ប៉ុន្តែ រឿងដែលគេបារម្ភបំផុត នោះគឺខ្លាចថាសង្រ្គាមស៊ីវិលអាចនឹងផ្ទុះឡើង ភ្លាមៗទៅវិញទេ បើសិនជាមានការបែកបាក់ផ្ទៃក្នុងនៅក្នុងជួររដ្ឋាភិបាលទីក្រុងកាប៊ុល។

គួរបញ្ជាក់ថា ក្រុមមន្ត្រីអាមេរិកនៅក្រោមរដ្ឋបាលលោក ចូ បៃដិន មិនជឿឡើយថារដ្ឋាភិបាលអាហ្វហ្គានីស្ថាននឹងដួលរលំភ្លាមៗ ក្រោយអាមេរិកដកទ័ពចេញទាំងស្រុង។ ម្យ៉ាងវិញទៀតពួកគេក៏ជឿជាក់ដែរថាលោក ចូ បៃដិនក៏ទំនងជានឹងមិនបណ្ដោយឱ្យតាលីបង់ធ្វើអ្វីតាមចិត្តនោះដែរ ស្របពេលមានការសន្និដ្ឋានជាច្រើនថាអាមេរិកអាចនឹង បន្តរក្សាទុកកងកម្លាំងពិសេសមួយក្រុមតូចដើម្បីជួយដល់រដ្ឋាភិបាលអាហ្វហ្គានីស្ថាន។ តែការសម្រេចចិត្តទាំងឡាយដែលនៅសល់គឺនៅលើលោក បៃដិនផ្ទាល់៕

ប្រភព៖ Diplomat, WSJ (ថ្ងៃពុធ ទី២៣ ខែមិថុនា ឆ្នាំ២០២១)