(វ៉ាស៊ីនតោន)៖ មន្ត្រីអ៊ីរ៉ង់បានឲ្យដឹងនៅថ្ងៃពុធនេះថា សហរដ្ឋអាមេរិកបានយល់ព្រមដកទណ្ឌកម្មទាំងអស់ទាក់ទងនឹងប្រេង និងការដឹកជញ្ជូនរបស់អ៊ីរ៉ង់ ក៏ដូចជាការលុបឥស្សរជនជាន់ខ្ពស់មួយចំនួនចេញពីបញ្ជីខ្មៅ ដើម្បីស្តារកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ របស់ទីក្រុងតេហេរ៉ង់ជាមួយប្រទេសមហាអំណាច ដែលឥឡូវនេះត្រូវបានផ្អាក។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន The Arab News នៅយប់ថ្ងៃពុធ ទី២៣ ខែមិថុនា ឆ្នាំ២០២១។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់បានដកស្រង់សម្តីលោក Mahmoud Vaezi ប្រធានការិយាល័យប្រធានាធិបតីអ៊ីរ៉ង់ថា «កិច្ចព្រមព្រៀងត្រូវបានឈានដល់ការដកទណ្ឌកម្មធានារ៉ាប់រងប្រេង និងដឹកជញ្ជូនទាំងអស់ដែលដាក់ដោយ (អតីតប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ)»។
លោក Vaezi បានសង្កត់ធ្ងន់ថា «យោងតាមកិច្ចព្រមព្រៀងនេះការដាក់ទណ្ឌកម្មនៅសម័យរដ្ឋបាន ត្រាំ ប្រហែល ១,០៤០ទណ្ឌកម្មនឹងត្រូវដកចេញ។ វាក៏ត្រូវបានព្រមព្រៀងដកទណ្ឌកម្មមួយចំនួនលើបុគ្គល និងសមាជិកនៃរង្វង់ខាងក្នុង នៃមេដឹកនាំកំពូលអ៊ីរ៉ង់ផងដែរ»។
គួរបញ្ជាក់ថា នៅក្រោមកចិ្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ អ៊ីរ៉ង់យល់ព្រមរឹតត្បិតកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ជាថ្នូរនឹងការដកទណ្ឌកម្មអន្តរជាតិ។ បីឆ្នាំក្រោយមកអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបោះបង់ចោលកិច្ចព្រមព្រៀង និងដាក់ទណ្ឌកម្មឡើងវិញ ខណៈទីក្រុងតេរ៉ង់បានឆ្លើយតបដោយរំលោភលើការរឹតត្បិតនុយក្លេអ៊ែរមួយចំនួន។
រដ្ឋបាលថ្មីរបស់សហរដ្ឋអាមេរិក ក្រោមការដឹកនាំរបស់ប្រធានាធិបតី លោក ចូ បៃដិន មានគោលបំណងស្តារកិច្ចព្រមព្រៀងនេះឡើងវិញ ប៉ុន្តែភាគីទាំងពីរមិនទាន់យល់ស្របលើជំហានណាមួយ ហើយនៅពេលណានៅឡើយទេ៕