(ហុងកុង)៖ ក្រុមហ៊ុន ណិច ឌីជីថល (Next Digital) ដែលជាម្ចាស់កាសែតគាំទ្រលិទ្ធិប្រជាធិបតេយ្យ នៅទីក្រុងហុងកុង «Apple Daily» បានប្រកាសនៅថ្ងៃពុធនេះថា កាសែតមួយនេះនឹងបិទទ្វារឈប់ដំណើរការ ចាប់ពីថ្ងៃសៅរ៍ចុងសប្ដាហ៍នេះហើយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន AP នៅល្ងាចថ្ងៃពុធ ទី២៣ ខែមិថុនា ឆ្នាំ២០២១។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅលើគេហទំព័ររបស់ខ្លួន ក្រុមហ៊ុន Next Digital បានគូសបញ្ជាក់ថា ការសម្រេចចិត្តបិទឈប់ដំណើរការកាសែត ដែលមានបុគ្គលិកប្រហែល ៦០០នាក់នោះត្រូវបានធ្វើឡើង «ដោយសារតែស្ថានភាពបច្ចុប្បន្ន នៅទីក្រុងហុងកុង»។ កាសែត Apple Daily មានអាយុកាល ២៦ឆ្នាំហើយ។
គួរបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន កងកម្លាំងប៉ូលិសហុងកុង បានចាប់ខ្លួននិពន្ធនាយក ០៥រូបនៃកាសែត Apple Daily និងបានបង្កកគណនីធនាគារកាសែតមួយនេះ ដែលមានទឹកប្រាក់ប្រមាណ ១៨លានដុល្លារហុងកុងទៀតផង។ នៅថ្ងៃពុធនេះ ប៉ូលិសហុងកុងបានចាប់ខ្លួនអ្នកកាសែតម្នាក់ទៀត ពីបទសង្ស័យគប់គិតគ្នាជាមួយកម្លាំងបរទេស ដែលអាចបង្កគ្រោះថ្នាក់ដល់សន្តិសុខជាតិ៕