(ឡូសអាន់ជេឡេស)៖ នៅក្រោមអាកាសធាតុក្តៅស្ងួត ភ្លើងឆេះព្រៃបានកើតមានឡើងជាច្រើនកន្លែង ក្នុងរដ្ឋកាលីហ្វរញ៉ារបស់អាមេរិក ហើយប្រជាជននៅទីនោះ ត្រូវប្រឈមការជម្លៀសខ្លូន ទៅកាន់ទីសុវត្ថិភាព។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន ស៉ីនហួរ នៅថ្ងៃពុធ ទី២៣ ខែមិថុនា ឆ្នាំ២០២១។
ក្នុងចំណោមនោះ ភ្លើងឆេះព្រៃធំជាងគេឈ្មោះ Willow Fire ដែលបានចាប់ផ្តើមកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន នៅតំបន់ព្រៃឈើជាតិ Los Padres នាពេលនេះ បានឆាបឆេះផ្ទៃដីទំហំជាង១,១០០ហិកតា ហើយការគ្រប់គ្រងវាស្ថិតនៅកម្រិតសូន្យនៅឡើយ ដោយក្រុមភ្នាក់ងារពន្លត់អគ្គិភ័យជាង៥០០នាក់ កំពុងតែធ្វើប្រតិបត្តិការ។ ជាមួយគ្នានេះ អាជ្ញាធរបានចេញសេចក្តីប្រកាសឲ្យជម្លៀសខ្លួន សម្រាប់ប្រជាជនដែលរស់នៅតំបន់ភ្លើងឆេះព្រៃនោះ ព្រមទាំងចេញសារព្រមានឲ្យមានការប្រុងប្រយ័ត្ននិងត្រៀមលក្ខណៈ ដល់សហគមន៍ដទៃទៀតដែលនៅក្បែរខាង។
គួរបញ្ជាក់ថា ភ្លើងឆេះព្រៃមួយទៀតឈ្មោះ Inyo Creek Fire ដែលបានចាប់ផ្តើមកាលពីថ្ងៃសុក្រសប្តាហ៍កន្លងទៅ ក៏បានស្ទុះរីករាលដាលខ្លាំង នៅដើមសប្តាហ៍នេះផងដែរ ដោយវាបានឆាបឆេះផ្ទៃដីសរុបជាង២៦០ហិកតា ហើយភ្នាក់ងារពន្លត់អគ្គីភ័យប្រមាណជាង៣០០នាក់ កំពុងព្យាយាមគ្រប់គ្រងវា។ សរុបទាំងអស់ ភ្លើងឆេះជិត១០កន្លែង បាននិងកំពុងតែឆាបឆេះ នៅរដ្ឋភាគខាងលិចមួយនេះ របស់សហរដ្ឋអាមេរិក៕