(កង់បេរ៉ា)៖ ប្រជាជនដែលរស់នៅទីក្រុងស៉ីដនីនៃប្រទេសអូស្រ្តាលី ត្រូវបានហាមឃាត់លើការធ្វើដំណើរចាកចេញពីទីក្រុង នៅថ្ងៃពុធនេះ ខណៈអាជ្ញាធរអូស្រ្តាលី កំពុងប្រញាប់ប្រញាល់ព្យាយាមបញ្ឈប់ការឆ្លងនៃវីរុស COVID-19 បម្លែងខ្លួនថ្មី Delta (វីរុសបម្លែងខ្លួនថ្មីមានប្រភពដើមមកពីប្រទេសឥណ្ឌា) កុំឲ្យរាលដាលទៅកាន់តំបន់ផ្សេងទៀត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៣ ខែមិថុនា ឆ្នាំ២០២១។
មនុស្សសរុបជាង ៣០នាក់ហើយ ត្រូវបានគេធ្វើតេស្តឃើញលទ្ធផលវិជ្ជមានចំពោះជំងឺ COVID-19 គិតចាប់តាំងពីការឆ្លងជាចង្កោមនេះ បានផ្ទុះឡើងដំបូងនៅតំបន់ឆ្នេររបុនឌី (Bondi Beach) ដ៏ពេញនិយមបំផុតរបស់ទីក្រុងស៉ីដនី កាលពីសប្តាហ៍មុន ខណៈអាជ្ញាធរអូស្រ្តាលីកំពុងជួបការលំបាកក្នុងការបញ្ឈប់វា។
ជុំវិញបញ្ហានេះ អភិបាលរដ្ឋ New South Wales លោកស្រី ហ្គ្លេឌីស ប៊ីរេជីកលាន (Gladys Berejiklian) បានប្រកាសដាក់ចេញនូវវិធានការរឹតបន្តឹងថ្មី ដែលត្រូវអនុវត្តសម្រាប់រយៈពេលមួយសប្តាហ៍ខាងមុខ ក្នុងនោះរួមមានទាំងការហាមឃាត់ជាបន្ទាន់លើ ការធ្វើដំណើរដែលមិនចាំបាច់ចេញពីទីក្រុងស៊ីដនី និងការដាក់កម្រិតលើការជួបជុំនៅក្នុងសង្គមផងដែរ។
លោកស្រី Gladys Berejiklian បានគូសបញ្ជាក់បន្ថែមថា «ប្រជាជនមួយចំនួនធំ» នៃប្រជាជនសរុបចំនួន ៥លាននាក់នៅទីក្រុងស៊ីដនី គឺត្រូវស្ថិតក្រោមការអនុវត្តវិធានការហាមឃាត់លើការធ្វើដំណើរនេះ ហើយគ្រប់ដណ្តប់តំបន់ចំនួន០៧ ដែលករណីឆ្លងជំងឺ COVID-19 ត្រូវបានរកឃើញ។
គួរបញ្ជាក់ថា យ៉ាងណាមិញ អាជ្ញាធរអូស្រ្តាលី មិនបានបញ្ជាឱ្យបិទភោជនីយដ្ឋាន និងរង្គសាលនានានោះទេ ប៉ុន្តែការច្រៀងនិងរាំកម្សាន្ត ត្រូវបានហាមឃាត់ ខណៈព្រឹត្តិការណ៍ធំៗ នៅតែអាចបន្តរៀបចំឡើង ជាមួយការកំណត់ទទួលមនុស្សឲ្យចូលទស្សនា បានត្រឹមតែ៥០ភាគរយប៉ុណ្ណោះ៕