(ប៉េកាំង)៖ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង នៅព្រឹកថ្ងៃពុធ ទី២៣ ខែមិថុនា បានសំណេះសំណាលជាមួយអវកាសយាននិកចិន ០៣រូប ដែលកំពុងស្ថិតនៅក្នុងបន្ទប់ស្នូលធានហឺ (Tianhe) នៃស្ថានីយអវកាសចិន។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។
លោក ស៊ី ជិនពីង បានធ្វើកិច្ចសន្ទនាតាមប្រព័ន្ធអនឡាញខាងលើនេះ នៅឯមជ្ឈមណ្ឌលគ្រប់គ្រងអវកាសទីក្រុងប៉េកាំង (Beijing Aerospace Control Center) ជាមួយអវកាសយានិកចិនទាំង ០៣រូប គឺលោក នី ហៃហ្សេង (Nie Haisheng), លោក លីវ ប៉ូមីង (Liu Boming) និងលោក ថាង ហុងប៉ូ (Tang Hongbo) ដែលត្រូវបានបញ្ជូនទៅកាន់ទីអវកាស តាមរយៈយាន ហ្សិនចូវ ១២ (Shenzhou-12) កាលពីពេលថ្មីៗនេះ។
គួរបញ្ជាក់ថា គ្រាប់រ៉ុក្កែត Long March-2F Y12 ដែលផ្ទុកយានអវកាស ហ្សិនចូវ ១២ (Shenzhou-12) និងអវកាសយានិកចំនួន ០៣រូបខាងលើ បានហោះឡើងទៅកាន់ទីអវកាស ប្រកបដោយជោគជ័យ ដោយពួកគេត្រូវចូលរួមកសាង ស្ថានីយអវកាសដំបូងរបស់ចិន ដែលកំពុងលេចរូបរាងជាបណ្តើរៗ។
ការបាញ់បង្ហោះយានផ្ទុកអវកាសយានិកទាំង ០៣រូបខាងលើនេះ ត្រូវបានធ្វើឡើងនៅអំឡុងម៉ោង ៩៖២២នាទីព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែមិថុនាកន្លងទៅ (ម៉ោងនៅទីក្រុងប៉េកាំង) ចេញពីមូលដ្ឋានបាញ់បង្ហោះ ជីវក្វាន់ (Jiuquan) នៃតំបន់វាលខ្សាច់ ហ្គោពី (Gobi) ស្ថិតនៅក្នុងខេត្ត ហ្គាន់ស៊ូ (Gansu) ភាគពាយព្យប្រទេសចិន។
អវកាសយានិកទាំង ០៣រូប ដែលត្រូវជាក្រុមដំបូងគេ នៃបេសកកម្មនេះ នឹងត្រូវស្នាក់នៅក្នុងបន្ទប់ស្ថានីយអវកាសចិន ដែលកំពុងស្ថិតក្នុងដំណាក់កាលសាងសង់ សម្រាប់រយៈពេល ០៣ខែ ហើយពួកគេសុទ្ធសឹងតែជាអ្នកវិទ្យាសាស្ត្រ និងអ្នកជំនាញវិស្វកម្មជើងចាស់របស់ចិន ដែលធ្លាប់មានបទពិសោធន៍ ក្នុងការស្រាវជ្រាវទីអវកាសជាច្រើនឆ្នាំមកហើយ៕