(បាងកក)៖ រដ្ឋមន្ត្រីការបរទេសបង់ក្លាដែស លោក អាប់ឌុល ម៉ូមិន (Abdul Momen) បានបង្ហាញការខកចិត្តជាខ្លាំង ចំពោះបណ្ដាប្រទេសអ្នកមានមួយចំនួន ដែលស្ដុកទុកវ៉ាក់សាំង COVID-19 លើសពីតម្រូវការ និងកំពុងដាក់លក្ខខណ្ឌសម្រាប់ការផ្គត់ផ្គង់ ដល់បណ្ដាប្រទេសដទៃថែមទៀត។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន The Nation នៅព្រឹកថ្ងៃពុធ ទី២៣ ខែមិថុនា ឆ្នាំ២០២១។
ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅថ្ងៃពុធនេះ លោក Abdul Momen បានគូសបញ្ជាក់យ៉ាងដូច្នេះថា «នាយករដ្ឋមន្ត្រីរបស់យើងបាននិយាយថា វ៉ាក់សាំង COVID-19 គួរតែជាទំនិញសាធារណៈមួយ។ ប៉ុន្តែជាអកុសល បណ្ដាប្រទេសអ្នកមានខ្លះ បែរជានាំគ្នាស្ដុកទុកវ៉ាក់សាំងលើសពីតម្រូវការទៅវិញ ខណៈវ៉ាក់សាំងទាំងនោះ កំពុងជិតផុតសុពលភាពទៅទៀត»។
លោក Abdul Momen បានបន្ថែមថា បណ្ដាប្រទេសធំៗមួយចំនួនបានសន្យាផ្ដល់វ៉ាក់សាំង ប៉ុន្តែពួកគេមិនទាន់បំពេញតាមសន្យានៅឡើយទេ ហើយពេលខ្លះពួកគេថែមទាំងដាក់លក្ខខណ្ឌទៀតផង ប្រសិនបើប្រទេសណាមួយ ចង់បានវ៉ាក់សាំងទាំងនោះ។
គួរបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំកាលពីសប្ដាហ៍មុន ក្រុមមេដឹកនាំប្រទេស G7 បានសន្យាថា នឹងចែកចាយវ៉ាក់សាំង ១ពាន់លានដូសដល់បណ្ដាប្រទេសនានា
ជុំវិញពិតភពលោក នៅត្រឹមឆ្នាំ២០២២ខាងមុខនេះ។ ប៉ុន្តែបើតាមលោក Abdul Momen ប្រទេសអ្នកមានទាំងនេះបានធ្វើការសន្យាមែន តែមិនទាន់ផ្ដល់វ៉ាក់សាំងនៅឡើយទេ៕