(ប៉េកាំង)៖ រាប់ពាន់ឆ្នាំមកនេះ ជនជាតិចិនបានប្រើឃ្លានេះមកលើកទឹកចិត្តខ្លួនឯង ដើម្បីខិតខំធ្វើឱ្យខ្លួនឯងមានការរីកចម្រើនជារៀងរាល់ថ្ងៃ។ ឃ្លាបុរាណនេះ មានប្រភពមកពីសៀវភៅបុរាណឈ្មោះ «礼记•大学» កាលពីជាងពីរពាន់ឆ្នាំមុន។ ឃ្លានេះមានន័យថា មានតែច្នៃប្រឌិតថ្មីពីមួយថ្ងៃទៅមួយថ្ងៃ ពីមួយខែទៅមួយខែ ពីមួយឆ្នាំទៅមួយឆ្នាំ ទើបអ្វីៗអាចវិវឌ្ឍរីកចម្រើនទៅមុខ។
ចំណែកឥឡូវនេះ ឃ្លានេះមានន័យថា ការអភិវឌ្ឍនៃសង្គមមនុស្សជាតិ ការវិវត្តនៃអរិយធម៌និងវឌ្ឍនភាពនៃបច្ចេកវិទ្យាសុទ្ធតែត្រូវជំរុញដោយការច្នៃប្រឌិតថ្មី ជាបន្តបន្ទាប់។ នេះជាពាក្យសម្តីលើកទឹកចិត្តចំពោះបុគ្គលនៅសម័យបុរាណនិងបានក្លាយជាស្មារតីច្នៃប្រឌិតថ្មីក្នុងយុគសម័យបច្ចុប្បន្នជាបន្តបន្ទាប់។ ដោយសារបាន បន្តវេននិងអភិវឌ្ឍគំនិតរបស់បុព្វបុរស បានជានៅប្រទេសចិនសព្វថ្ងៃនេះ «ការច្នៃប្រឌិត» បានក្លាយជាគំនិតសំខាន់មួយនៃការអភិវឌ្ឍជាតិ ហើយក៏បានឆ្លុះបញ្ចាំងលើ គ្រប់វិស័យក្នុងជីវភាពរស់នៅនិងក្នុងសង្គម។
ខ្ញុំសូមរៀបរាប់អំពីរឿងច្នៃប្រឌិតថ្មីមួយពាក់ព័ន្ធនឹងការការពារបរិស្ថាន។ នៅខេត្ត Zhe jiang ប្រទេសចិន មានបឹងមួយឈ្មោះ Qiandao ដែលមានផ្ទៃក្រឡាជាង ៥០០ គីឡូម៉ែត្រក្រឡា។ បឹងនេះជា «ប្រភពទឹកថ្នាក់ជាតិ» របស់ប្រទេសចិន ហើយទឹកបឹងនេះអាចយកមកផឹកផ្ទាល់តែម្តង។ ដើម្បីរក្សាទឹកស្អាត រដ្ឋបាលតំបន់ បានដាក់ចេញវិធីសាស្រ្តប្រកបដោយភាពច្នៃប្រឌិតមួយគឺ «កសិកម្មការពារធនធានទឹក» ដោយរៀបចំផែនការតាមបែបវិទ្យាសាស្ត្រប្រើប្រាស់រុក្ខជាតិធម្មជាតិ ជំនួសថ្នាំសម្រាប់សត្វល្អិតនិងជីគីមី និងប្រើប្រាស់រុក្ខជាតិធម្មជាតិស្រូបយកជាតិគីមីដែលនៅសេសសល់ក្នុងទឹក ដើម្បីកុំឱ្យសារជាតិគីមីហូរចូលទៅក្នុងបឹង Qiandao។
វិធីសាស្ត្រច្នៃប្រឌិតថ្មីបែប «កសិកម្មការពារធនធានទឹក» នេះ មិនត្រឹមតែបានការពារធនធានទឹកប៉ុណ្ណោះទេ ថែមទាំងជួយជំរុញការអភិវឌ្ឍសេដ្ឋកិច្ចទៀតផង។ តាម
រយៈឧទាហរណ៍នេះ យើងអាចឃើញថា គំនិតច្នៃប្រឌិតថ្មីនៃឃ្លា «苟日新、日日新、又日新» បានផ្តល់ផលប្រយោជន៍ដល់ប្រជាជនចិន!
ចាប់ពីការសិក្សាស្រាវជ្រាវបច្ចេកវិទ្យាទំនើបដល់វិធីសាស្ត្រថ្មីដែលដោះស្រាយបញ្ហាជីវភាពរស់នៅ ប្រទេសចិនមិនត្រឹមតែជាកន្លែងសាកល្បងនៃការច្នៃប្រឌិតថ្មី ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងខិតខំធ្វើឱ្យសមិទ្ធផលនៃការច្នៃប្រឌិតថ្មីផ្តល់អត្ថប្រយោជន៍ដល់ប្រទេសនិងប្រជាជនកាន់តែច្រើនទៀតផង៕