ក្រុមហ៊ុនអាមេរិក Boeing នឹងប្រគល់ឧទ្ធម្ភាគចក្រ Chinook ១៤គ្រឿង ដល់កងទ័ពអាកាសអង់គ្លេស (Video inside)
23-06-2021 10:05
(អាមេរិក)៖ ក្រុមហ៊ុនអាមេរិក Boeing បានប្រកាសនៅថ្ងៃអង្គារសប្តាហ៍នេះថា ឧទ្ធម្ភាគចក្រ ឈីនូក (Chinook) សរុបចំនួន ១៤គ្រឿង នឹងត្រូវប្រគល់ជូនកងទ័ពអាកាសអង់គ្លេស នៅប៉ុន្មានឆ្នាំខាងមុខនេះ បន្ទាប់ពីភាគីទាំងពីរបានចុះកិច្ចព្រមព្រៀង ទិញ-លក់ នៅក្នុងតម្លៃប្រមាណ ៥៧៨លានដុល្លារអាមេរិក។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃពុធ ទី២៣ ខែមិថុនា ឆ្នាំ២០២១។
បើតាមក្រុមហ៊ុន Boeing ឧទ្ធម្ភាគចក្រត្រកូល Chinook ខាងលើនេះ គឺត្រូវបានបង្កើនសមត្ថភាព ឲ្យវាអាចធ្វើប្រតិបត្តិការបានយូរជាងមុន និងទំនើបជាងមុន ដូច្នេះវាក៏នឹងអាចជួយជំរុញឲ្យប្រតិបត្តិការ នៃកងទ័ពអាកាសចក្រភពអង់គ្លេស កាន់តែមានប្រសិទ្ធភាពលើសមុនដែរ។ ការធ្វើប្រតិបត្តិការឧទ្ធម្ភាគចក្រ Chinook ថ្មីៗនឹងចាប់ផ្តើមឡើង ក្រោយពីការបញ្ជូនទៅដល់អង់គ្លេសនៅឆ្នាំ២០២៦។
គួរបញ្ជាក់ថា ក្រុមហ៊ុន Boeing និងកងទ័ពអាកាសអង់គ្លេស កាលពីពេលថ្មីៗនេះ បានប្រារព្ធខួប ៤០ឆ្នាំ នៃការប្រគល់ឧទ្ធម្ភាគចក្រ Chinook ដំបូងទៅកាន់អង់គ្លេស។ ដោយឡែកក្រុមហ៊ុន Boeing ក៏នឹងប្រារព្ធខួបទី ៦០ឆ្នាំ នៃការធ្វើតេស្តហោះហើរដំបូង នៃឧទ្ធម្ភាគចក្រ Chinook នៅចុងឆ្នាំ២០២១ នេះផងដែរ៕