(ហ្សឺណែវ)៖ អង្គការសុខភាពពិភពលោក WHO បាននិយាយថាប្រទេសក្រីក្រមួយចំនួនធំនៅជុំវិញពិភពលោកដែលកំពុងទទួលបានវ៉ាក់សាំង COVID-19 តាមយន្ដការ COVAX មិនមានវ៉ាក់សាំងគ្រប់គ្រាន់ដើម្បីបន្តយុទ្ធនាការចាក់វ៉ាក់សាំងរបស់ខ្លួនទៀតឡើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃពុធ ទី២៣ ខែមិថុនា ឆ្នាំ២០២១។
បើតាមទីប្រឹក្សាជាន់ខ្ពស់ WHO លោក ព្រូស អាលីវ៉ាត ៩Bruce Aylward) យន្ដការ COVAX បានផ្ដល់វ៉ាក់សាំង ៩០លានដូសហើយដល់បណ្ដាប្រទេសចំនួន១៣១ ហើយការខ្វះខាតនាពេលបច្ចុប្បន្ន កើតមានឡើងចំពេលបណ្ដាប្រទេសក្នុងតំបន់អាហ្វ្រិកមួយចំនួនកំពុងប្រឈមមុខនឹងរលកទី៣។
កាលពីថ្ងៃចន្ទដើមសប្ដាហ៍កន្លងទៅ ប្រធានាធិបតីអាហ្វ្រិកខាងត្បូង លោក ស៊ីរីល រ៉ាម៉ាផូសា (Cyril Ramaphosa) បានអំពាវនាវឱ្យក្រុមប្រទេសអ្នកមានបញ្ឈប់ ជាបន្ទាន់នូវការស្ដុកទុកវ៉ាក់សាំងលើសតម្រូវការ ខណៈរដ្ឋាភិបាលរបស់លោកកំពុងធ្វើការងារជាមួយ COVAX សំដៅបង្កើតតំបន់ពិសេសមួយដើម្បីផលិត វ៉ាក់សាំងបន្ថែមនៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង។
គួរបញ្ជាក់ថា បើតាមលោកប្រធានាធិបតីអាហ្វ្រិកខាងត្បូង គិតមកទល់នឹងពេលនេះ ទ្វីបអាហ្វ្រិកទើបតែសម្រេចបានការចាក់វ៉ាក់សាំងត្រឹមតែ ៤០លានដូស ប៉ុណ្ណោះ ពោលគឺតិចជាង ២ភាគរយនៃប្រជាជនអាហ្វ្រិកសរុប៕