(ម៉ូស្គូ)៖ វិមានក្រឹមឡាំងបាននិយាយនៅថ្ងៃអង្គារ ទី២២ ខែមិថុនានេះថា ប្រជាជនដែលមិនបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នឹងមិនអាចធ្វើការនៅគ្រប់កន្លែងធ្វើការក្នុងប្រទេសរុស្ស៊ីបានទេ ហើយប្រជាជនទាំងនោះអាចត្រូវបានគេរើសអើង។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅយប់ថ្ងៃអង្គារ ទី២២ ខែមិថុនា ឆ្នាំ២០២១។
អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov បានប្រាប់អ្នកយកព័ត៌មានថា «ការពិតគឺថាការរើសអើងនឹងកើតឡើងជាយថាហេតុ។ មនុស្សដែលមិនបានចាក់វ៉ាក់សាំង នឹងមិនអាចធ្វើការនៅគ្រប់ទីកន្លែងបានទេ។វានឹងបង្កការគំរាមកំហែងដល់អ្នកដែលនៅជុំវិញពួកគេ»។
ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន បានព្រមានកាលពីថ្ងៃចន្ទ ទី២១ ខែមិថុនាថា ស្ថានភាពជំងឺកូវីដ១៩ នៅតំបន់ខ្លះនៃប្រទេសរុស្ស៊ីកំពុងវិវឌ្ឍន៍កាន់តែអាក្រក់ទៅហើយ ខណៈអាជ្ញាធរចាប់ផ្តើមជំរុញឲ្យប្រជាពលរដ្ឋឲ្យមកទទួលការចាក់វ៉ាក់សាំងឡើងវិញ ដើម្បីបង្ការការកើនឡើងនូវករណីថ្មី។
គួរបញ្ជាក់ថា នៅថ្ងៃអង្គារនេះរុស្ស៊ីរកឃើញអ្នកស្លាប់ថ្មីដោយសារជំងឺកូវីដ១៩ចំនួន ៥៤៦នាក់ និងអ្នកឆ្លងថ្មីរហូតដល់ ១៦,៧១៥ករណី ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះកើនឡើងនៃករណីឆ្លងថ្មីនេះ ត្រូវបានគេស្តីបន្ទោសទៅលើវីរុសបម្លែងខ្លួនថ្មី Delta ដែលមានប្រភពពីប្រទេសឥណ្ឌា៕