(ញូដេលី)៖ ក្រុមហ៊ុនមួយនៅប្រទេសឥណ្ឌា បានធ្វើតេស្តសាកល្បងលើការបញ្ជាដ្រូនដឹកជញ្ជូន ឲ្យហោះទៅកាន់រយៈចម្ងាយឆ្ងាយៗ ជាមួយក្តីសង្ឃឹមថា ពួកវាអាចប្រើជាមធ្យោបាយប្រសើរមួយ ដើម្បីនាំយកថ្នាំពេទ្យ ជាពិសេសវ៉ាក់សាំងបង្ការជំងឺ COVID-19 ទៅកាន់តំបន់ដែលនៅដាច់ឆ្ងាយពីទីប្រជុំជន។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP នៅល្ងាចថ្ងៃអង្គារ ទី២២ ខែមិថុនា ឆ្នាំ២០២១។
ក្រុមហ៊ុន ស្រូតថល (Throttle Aerospace Systems) ស្ថិតក្នុងចំណោមស្ថាប័នសរុបប្រមាណ ២០ ដែលទទួលបានការអនុញ្ញាតពីរដ្ឋាភិបាលឥណ្ឌា ចាប់តាំងពីខែឧសភាមក ដើម្បីធ្វើតេស្តហោះហើរដ្រូន នៅរយៈចម្ងាយឆ្ងាយៗលើសពី ៤៥០ម៉ែត្រ ដែលជារយៈចម្ងាយកំណត់នាពេលបច្ចុប្បន្ន។
កាលពីថ្ងៃចន្ទសប្តាហ៍នេះ ដ្រូនចំនួន ២គ្រឿង ក្នុងនោះ ១គ្រឿងអាចដឹកទំនិញទម្ងន់ ១គីឡូក្រាម សម្រាប់ចម្ងាយ ២០គីឡូម៉ែត្រ ឬស្មើនឹងការហោះជិត ១ម៉ោង ខណៈ១គ្រឿងទៀតអាចដឹកបាន ២គីឡូក្រាម សម្រាប់ចម្ងាយ ១៥គីឡូម៉ែត្រ ត្រូវបានធ្វើតេស្តសាកល្បង នៅរដ្ឋ កាណាតាកា (Karnataka) ភាគខាងត្បូងប្រទេសឥណ្ឌា។ ក្រុមហ៊ុន Throttle បានប្រាប់ថា ថ្នាំពេទ្យគឺជាទំនិញក្នុងការធ្វើតេស្តនោះ ហើយដ្រូនទាំងពីរគ្រឿងបានធ្វើដំណើរចម្ងាយ ២.៥គីឡូម៉ែត្រ ដោយប្រើរយៈពេល ៧នាទី និងដឹកទៅដល់គោលដៅរបស់ពួកវា រួចត្រឡប់មកវិញតាមការគ្រោងទុក។
គួរបញ្ជាក់ថា បើតាមក្រុមអ្នកជំនាញ ការប្រើប្រាស់ដ្រូននឹងអាចជាការផ្លាស់ប្តូរយ៉ាងប្រសើរមួយ សម្រាប់ការផ្តល់សេវាសុខាភិបាល នៅតាមតំបន់ជនបទរបស់ប្រទេសឥណ្ឌា ដែលពិបាកនឹងទៅដល់ ហើយសេវាថែទាំសុខភាពមានកម្រិត និងមិនសូវមានផ្លូវថ្នល់តភ្ជាប់៕