(ប៉េកាំង)៖ ក្នុងសន្និសីទសារព័ត៌មាន ដែលធ្វើឡើងនៅទីក្រុងប៉េកាំងកាលពីថ្ងៃទី២១ ខែមិថុនា មន្រ្តីចិនជាច្រើនរូបបានធ្វើការអធិប្បាយយ៉ាងក្បោះក្បាយ អំពីច្បាប់ស្តីពីកំពង់ផែពាណិជ្ជកម្មសេរីខេត្ត Hainan ដែលត្រូវបានប្រកាសនិងអនុវត្តនាពេលថ្មីៗកន្លងទៅនេះ។ នេះបានបញ្ចេញសញ្ញាយ៉ាងច្បាស់លាស់ថា៖ ប្រទេសចិននឹងពង្រីកការបើកទូលាយ និងជំរុញសកលភាវូបនីយកម្មផែ្នកសេដ្ឋកិច្ចយ៉ាងដាច់ខាត។
ការកសាងកំពង់ផែពាណិជ្ជកម្មសេរីខេត្ត Hainan គឺជាវិធានការដ៏សំខាន់នៃកំណែទម្រង់ និងការបើកទូលាយដែលលោក Xi Jingping មេដឹកនាំកំពូលចិនបានគ្រោងផែនការ ធ្វើការរៀបចំចាត់ចែងនិងជំរុញដោយផ្ទាល់។
កាលពីថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០២០ ទន្ទឹមនឹង «គម្រោងជាទូទៅអំពីកិច្ចកសាងកំពង់ផែពាណិជ្ជកម្មសេរីខេត្ត Hainan» ត្រូវបានដាក់ចេញ ការកសាងកំពង់ផែពាណិជ្ជកម្មសេរីខេត្ត Hainan បានចាប់ផ្តើមដំណើរការដោយគ្រប់ជ្រុងជ្រោយ ព្រមទាំងទទួលបានសមិទ្ធផលគួរឱ្យកត់សម្គាល់។ តាមទិន្នន័យបង្ហាញឱ្យដឹងថា ទំហំនាំចេញនាំចូលសរុបនៃពាណិជ្ជកម្មទំនិញនៃខេត្ត Hainan ក្នុងឆ្នាំ២០២០ បានឡើងដល់៩៣.៥១ប៊ីលានយាន់ប្រាក់ចិន ដែលខ្ពស់ជាងល្បឿនកំណើនគិតជាមធ្យមទូទាំងប្រទេសចិន ១.២ ភាគរយ។ រីឯការប្រើប្រាស់ទុនបរទេសជាក់ស្តែងនៃខេត្ត Hainan ក្នុងឆ្នាំ២០២០ បានលើសពី ៣ប៊ីលានដុល្លារអាមេរិក ដែលកើនទ្វេជាពីរដងក្នុងរយៈពេល ៣ឆ្នាំជាប់ៗគ្នា ក៏ដូចជាការប្រើប្រាស់ទុនបរទេសជាក់ស្តែងក្នុងត្រីមាសទី១ ឆ្នាំ២០២១ នៃខេត្ត Hainan បានឡើងដល់ ៥៦០លានដុល្លារអាមេរិក ដែលបានកើនឡើង៤.៣ដងបើប្រៀបធៀបនឹងរយៈពេលដូចគ្នា នាឆ្នាំ២០២០។
ការតាក់តែងច្បាប់ស្តីពីកំពង់ផែពាណិជ្ជកម្មសេរីខេត្ត Hainan គឺជាជំហានសំខាន់ៗដែលប្រែការរៀបចំចាត់ចែងខាងគោលនយោបាយ ឱ្យក្លាយជាការមានបទដ្ឋានផ្លូវច្បាប់ ហើយក៏ជាការបង្ហាញដ៏សំខាន់នៃការធ្វើនីតិរដ្ឋមុនគេ ក្នុងការកសាងកំពង់ផែពាណិជ្ជកម្មសេរីផងដែរ ។ នេះអាចឃើញថា ការដាក់ចេញច្បាប់ស្តីពីកំពង់ផែពាណិជ្ជកម្មសេរីខេត្ត Hainan នឹងបង្កើតជាបរិយាកាសប្រកបអាជីវកម្ម ដែលកាន់តែមានកម្លាំងទាក់ទាញ ក៏ដូចជាពង្រឹងបន្ថែមទៀតនូវការប្តេជ្ញាចិត្ត និងជំនឿចិត្តរបស់សហគ្រាស ជាពិសេស គឺ សហគ្រាសទុនបរទេសចំពោះ ការប្រកបអាជីវកម្មនៅខេត្ត Hainan ក្នុងរយៈពេលយូរនិងនាំមកនូវឱកាសវិនិយោគជាច្រើន និងផលកម្រៃដ៏ច្រើនសម្បើមដល់ពួកគេ។
ប្រការដែលគួរឱ្យលើកឡើងនោះ គឺខណៈពេលពង្រីកការបើកទូលាយ ការបង្ការនិងគ្រប់គ្រងហានិភ័យ ក៏មានសារៈសំខាន់ដូចគ្នាផងដែរ។ «ការមានសមត្ថភាពបង្ការ និងគ្រប់គ្រងហានិភ័យប៉ុនណា ក៏មានចន្លោះកំណែទម្រង់និងបើកទូលាយប៉ុណ្ណឹង»។ ដោយឈរលើមូលដ្ឋាននៃការប្រកាន់ខ្ជាប់ នូវខ្សែបន្ទាត់ក្រហមនៃហានិភ័យ ប្រទេសចិនបានខិតខំប្រឹងប្រែង ជំរុញការបើកទូលាយបែបប្រព័ន្ធរបរខាងវិស័យក្បួនច្បាប់ បទប្បញ្ញត្តិ ការគ្រប់គ្រងនិងស្តង់ដារជាដើម ក្នុងប៉ុន្មានឆ្នាំកន្លងទៅនេះ។ ការដាក់ចេញច្បាប់ស្តីពីកំពង់ផែពាណិជ្ជកម្មសេរីខេត្ត Hainan មានន័យថា ប្រទេសចិនបានបោះជំហានថ្មី ក្នុងវិស័យបើកទូលាយបែបប្រព័ន្ធរបរ។
គេអាចប៉ាន់ប្រមាណថា ការកសាងកំពង់ផែពាណិជ្ជកម្មសេរីខេត្ត Hainan ដែលកំពុងដំណើរការតាមផ្លូវនីតិរដ្ឋ នឹងបោះជំហានទៅមុខដោយនឹងនរ ព្រមទាំងដោយឆ្ពោះទៅរកគោលដៅកំណត់កាលពីមុន។ វានឹងបញ្ជាក់ទៅកាន់ពិភពលោកថា ទ្វារបើកទូលាយរបស់ចិននឹងមិនបិទទេ ផ្ទុយទៅវិញ នឹងបើកកាន់តែធំឡើងៗ៕