(ញូដេលី)៖ ក្រសួងសុខាភិបាលឥណ្ឌា នៅថ្ងៃអង្គារ ទី២២ ខែមិថុនា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៤២,៦៤០ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលនាំឱ្យចំនួនករណីឆ្លងសរុប នៅទូទាំងប្រទេស កើនឡើងដល់ ២៩,៩៧៧,៨៦១ករណី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានចិន ស៉ីនហួរ។
បន្ថែមពីខាងលើនេះ បើតាមក្រសួងសុខាភិបាលឥណ្ឌា អ្នកជំងឺ COVID-19 ចំនួន ១,១៦៧នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថា ស្លាប់ផងដែរនៅក្នុងរយៈពេលដូចគ្នានេះ ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបនៅទូទាំងប្រទេស កើនឡើងដល់ ៣៨៩,៣០២នាក់ ខណៈអ្នកជំងឺសរុបចំនួន ២៨,៩២៦,០៣៨នាក់បានជាសះស្បើយ។
គួរបញ្ជាក់ថា តួលេខអ្នកឆ្លងប្រចាំថ្ងៃខាងលើនេះ គឺបង្ហាញពីការបន្តថយចុះគួរឱ្យកត់សម្គាល់មួយកម្រិតទៀត និងជាការថយចុះនៅក្រោម ៥០,០០០ករណីជាលើកដំបូង ក្នុងរយៈពេលជាង៣ខែមកនេះ ខណៈកាលពីខែមេសា និងឧសភាកន្លងទៅ វាបានលោតឡើងដល់អត្រាខ្ពស់បំផុតគឺជាង ៤០០,០០០ករណី។ ដោយឡែក ចំនួនអ្នកស្លាប់វិញ ក៏បានថយចុះផងដែរ ធៀបនឹងកាលពីកំលុងពេលនោះ។
ចំណែកការចាក់វ៉ាក់សាំងវិញ មកទល់ពេលនេះ ឥណ្ឌាសម្រេចបានជាង២៨៨លានដូស ក្នុងនោះជាង៥២លាននាក់ ទទួលបានការចាក់គ្រប់ដូស៕