(វ៉ាស៊ីនតោន)៖ កងនាវាសហរដ្ឋអាមេរិកបានបំផ្ទុះគ្រាប់បែកមួយគ្រាប់ ដែលមានទម្ងន់ជាង ១៨,១៤៤គីឡូក្រាម នៅក្បែរនាវាដឹកយន្ដហោះចម្បាំងថ្មីមួយរបស់ខ្លួន ដើម្បីតាមដានមើលថា តើនាវានេះមានសមត្ថភាពប្រយុទ្ធតស៊ូ គ្រប់ស្ថានភាពនៅក្នុងសមរភូមិដែរឬក៏យ៉ាងណា។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីទីភ្នាក់ងារព័ត៌មាន AFP នៅព្រឹកថ្ងៃអង្គារ ទី២២ ខែមិថុនា ឆ្នាំ២០២១។
ការធ្វើតេស្ដបំផ្ទុះគ្រាប់បែកខាងលើនេះ ធ្វើឡើងនៅក្រោមបាតសមុទ្រ ក្បែរនាវាផ្ទុកយន្ដហោះចម្បាំង USS ជែរ៉លដ៍ ហ្វដ (USS Gerald R. Ford) នៅក្នុងតំបន់មហាសមុទ្រអាត្លង់ទិច ដែលសិ្ថតនៅចម្ងាយប្រមាណ ១៦០គីឡូម៉ែត្រពីឆ្នេរនៃរដ្ឋផ្ល័ររីដាកាលពីចុងសប្ដាហ៍មុន។
កងនាវាអាមេរិកបានឱ្យដឹងទៀតថា ការធ្វើតេស្ដនេះត្រូវបានធ្វើឡើង ដើម្បីតាមដានមើលថាតើ USS Gerald R. Ford ដែលចំណាយប្រាក់សាងសង់អស់ជាង ១៣ពាន់លានដុល្លារនោះ អាចទ្រាំទ្រនឹងលក្ខខណ្ឌប្រយុទ្ធ និងត្រៀមខ្លួនរួចរាល់សម្រាប់សង្រ្គាមដែរឬទេ។ ការធ្វើតេស្ដនេះក៏ត្រូវបានទីភ្នាក់ងារឃ្លាំមើលគ្រោះរញ្ជួយដីអាមេរិក USGS រាយការណ៍ថា បានបង្កឱ្យមានគ្រោះរញ្ជួយដីកម្រិត ៣.៩រិចទ័រផងដែរ៕