(ហ្សាកាតា)៖ អាជ្ញាធរសុខាភិបាលឥណ្ឌូនេស៊ីនៅថ្ងៃចន្ទនេះ បានប្រកាសរកឃើញករណីឆ្លងកូវីដ១៩ ចំនួន ១៤,៥៣៦ករណី ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលជាតួលេខឆ្លងប្រចាំថ្ងៃខ្ពស់បំផុត ចាប់តាំងពីខែមករាមក។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅយប់ថ្ងៃចន្ទ ទី២១ ខែមិថុនា ឆ្នាំ២០២១។
នៅថ្ងៃជាមួយគ្នានេះក្រសួងសុខាភិបាកឥណ្ឌូនេស៊ីក៏បានកត់ត្រាអ្នកស្លាប់ថ្មីដោយសារជំងឺដ៏កាចសាហាវនេះចំនួន ២៩៤នាក់បន្ថែមទៀតផងដែរ។
ការកើនឡើងនូវករណីឆ្លង និងស្លាប់នេះត្រូវបានស្តីបន្ទោសទៅលើការធ្វើដំណើរក្នុងកំឡុងពេលវិស្សមកាល Eid al-Fitr កាលពីខែមុន ក៏ដូចជាការមកដល់នៃវីរុសបំប្លែងខ្លួនថ្មី Delta ដែលត្រូវបានរកឃើញដំបូងនៅក្នុងប្រទេសឥណ្ឌាផងដែរ។
សរុបមកវិញ ប្រទេសឥណ្ឌូនេស៊ីមានអ្នកឆ្លងសរុប ២,០០៤,៤៤៥ករណី ក្នុងនោះ ៥៤,៩៥៦នាក់ស្លាប់ និងជាសះស្បើយ ១,៨០១,៧៦១នាក់៕