(ហ្សេរុយសាឡឹម)៖ មន្ត្រីសុខាភិបាលអ៉ីស្រាអែលម្នាក់ នៅថ្ងៃចន្ទនេះ បានជំរុញឱ្យក្មេងវ័យជំទង់អាយុចាប់ពី១២ឆ្នាំ ដល់១៥ឆ្នាំទៅទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ដោយលើកឡើងពីការផ្ទុះឡើងថ្មីៗនៃវីរុសកូរ៉ូណា (COVID-19) បម្លែងខ្លួនថ្មី Delta ឬ B16172 (វីរុសបម្លែងខ្លួនថ្មីមានប្រភពដើមពីឥណ្ឌា)។ នេះបើយោង តាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២១ ខែមិថុនា ឆ្នាំ២០២១។
អ៉ីស្រាអែល បានពង្រីកសិទ្ធិទទួលការចាក់វ៉ាក់សាំងបន្ថែមជូនដល់ក្មេងវ័យជំទង់កាលពីខែមុន។ ករណីឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសនេះបានធ្លាក់ចុះយ៉ាងខ្លាំង
ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ ប្រជាជនប្រហែល ៥៥ភាគរយហើយនៃប្រជាជនសរុបចំនួន ៩.៣លាននាក់បានទទួលការចាក់វ៉ាក់សាំងពេញលេញ។ ប៉ុន្តែ ការផ្ទុះឡើងជាថ្មីនៃករណីឆ្លងបានកើតឡើងនៅសាលារៀនចំនួនពីរកន្លែងកាលពីសប្តាហ៍មុន បានបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំង។
ជុំវិញបញ្ហានេះ អ្នកសម្របសម្រួលការឆ្លើយតបនឹងជំងឺ COVID-19 លោក Nachman Ash បានគូសបញ្ជាក់ប្រាប់ស្ថានីយវិទ្យុ 103 FM ដែលស្ថិតនៅទីក្រុង Tel Aviv ថា ក្រសួងប្រហែលជានឹងផ្តល់អនុសាសន៍ដល់ក្មេងវ័យជំទង់អាយុចាប់ពី ១២ឆ្នាំ ដល់ ១៥ឆ្នាំឱ្យទៅទទួលការចាក់វ៉ាក់សាំង ប្រសិនបើមានការយល់ស្របពី ឪពុកម្តាយរបស់ពួកគេ។
លោក Nachman Ash បានបន្ថែមដូច្នេះថា៖ «ខ្ញុំគិតថាវាពិតជារឿងត្រឹមត្រូវណាស់ នៅក្នុងដំណាក់កាលនេះ ខណៈយើងកំពុងមើលឃើញការផ្ទុះឡើងជាថ្មី នៃករណីឆ្លងជាច្រើនករណីនៅក្នុងប្រទេស។ យើងមិនគួររង់ចាំឱ្យចំនួននេះ កើនឡើងខ្ពស់ជាងនេះឡើយ។ យើងបានឃើញថា មានក្មេងៗមួយចំនួន បានឆ្លងជំងឺនេះហើយ កាលពីសប្តាហ៍មុន»។
គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសអ៉ីស្រាអែល បានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេស ៨៣៩,៨៦៧ករណី ក្នុងនោះមានអ្នកស្លាប់ ៦,៤២៨នាក់ និងអ្នកជាសះស្បើយ ៨៣៣,០៦១នាក់៕