(ប៉េកាំង)៖ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង នៅថ្ងៃចន្ទ ទី២១ ខែមិថុនា ឆ្នាំ២០២១នេះបានផ្ញើសារអបអរសាទរមួយ ទៅកាន់លោក អ៊ីប្រាហ៊ីម រ៉ៃស៊ី (Ebrahim Raisi) ដែលបានជាប់ឆ្នោតជាប្រធានាធិបតីថ្មី នៃសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។
នៅក្នុងសារខាងលើនេះ លោក ស៊ី ជិនពីន បានកត់សម្គាល់ថា ប្រទេសចិន និងអ៉ីរ៉ង់គឺជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ហើយថាឆ្នាំនេះជាខួបលើកទៅ៥០នៃការបង្កើត ទំនាក់ទំនងការទូតរវាងប្រទេសទាំង២។
លោក ស៊ី បានបន្ថែមទៀតថា លោកបានត្រៀមខ្លួនជាស្រេច ដើម្បីធ្វើការជារមួយលោក Raisi ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី, ទំនាក់ទំនងយុទ្ធសាស្ត្រ ក៏ដូចជាពង្រឹងផងដែរ នូវការជឿទុកចិត្តគ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះលើវិស័យនានា សំដៅស្វែងរកផលប្រយោជន៍ សម្រាប់ប្រជាជននៃប្រទេសទាំងពីរ។
គួរបញ្ជាក់ថា ក្រសួងមហាផ្ទៃអ៉ីរ៉ង់កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅ បានចេញសេចក្តីប្រកាសថា លោក អ៉ីប្រាហ៉ីម រ៉ៃស៉ី គឺជាបេក្ខជនដែលជាប់ឆ្នោត ក្លាយជាប្រធានាធិបតីទី ៨ នៃប្រទេសអ៉ីរ៉ង់ ដោយទទួលបានការគំាទ្រ ៦២ភាគរយនៃសន្លឹកឆ្នោតសរុប។ ក្រោយពីបានជាប់ឆ្នោតហើយ លោក រ៉ៃស៊ី កំពុងត្រៀមខ្លួនស្បថចូលកាន់តំណែងជាផ្លូវការ នៅកំលុងដើមខែសីហាខាងមុខនេះ៕