(វៀងច័ន្ទ)៖ ការចាក់វ៉ាក់សាំងជូនមនុស្សវ័យចំណាស់អាយុ ៦០ឆ្នាំឡើងទៅ បានប្រព្រឹត្តទៅហើយនៅក្នុងប្រទេសឡាវ ដោយប្រើប្រាស់វ៉ាក់សាំងបង្ការ COVID-19 របស់ក្រុមហ៊ុនចិន Sinopharm។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃចន្ទ ទី២១ ខែមិថុនា ឆ្នាំ២០២១។
ការប្រើប្រាស់វ៉ាក់សាំង Sinopharm ដើម្បីចាក់ជូនប្រជាជន ស្ថិតក្នុងក្រុមអាយុខាងលើនេះ ត្រូវបានចាប់ផ្តើមឡើង បន្ទាប់ពីទទួលបានការអនុម័ត ពីសំណាក់ក្រសួងសុខាភិបាលឡាវ និងអង្គការសុខភាពពិភពលោក (WHO)។ សម្រាប់អ្នកដែលមានបញ្ហាផ្នែកសុខភាពជាមូលដ្ឋាន ក៏អាចទទួលការចាក់វ៉ាក់សាំង Sinopharm នេះបានផងដែរ។
គួរបញ្ជាក់ថា ប្រទេសឡាវទើបតែទទួលបានជំនួយជា វ៉ាក់សាំងបង្ការ COVID-19 Sinopharm បន្ថែមទៀតពីប្រទេសចិនកាលពីសប្តាហ៍មុន។ ក្រសួងសុខាភិបាលឡាវបានអះអាងថា កន្លងមកនេះកងកម្លាំងសន្តិសុខតាមព្រំដែន, ក្រុមគ្រូពេទ្យជួរមុខ និងប្រជាជនឡាវជាច្រើន បានទទួលការចាក់វ៉ាក់សាំង Sinopharm រួចរាល់។
ប្រទេសឡាវដែលមានប្រជាជនសរុប ៧.២លាននាក់ គ្រោងនឹងចាក់វ៉ាក់សាំងជូនប្រជាជនខ្លួនឲ្យបាន ៥០% នៅត្រឹមដំណាច់ឆ្នាំ២០២១។ គិតត្រឹមចុងសប្តាហ៍មុននេះ ប្រជាជនឡាវជាង ៧០០,០០០នាក់ បានទទួលការចាក់វ៉ាក់សាំងបង្ការ COVID-19 ដូសដំបូង ខណៈជាង ៤០០,០០០នាក់ទៀត បានទទួលការចាក់គ្រប់ដូស ឬពីរដូស៕