(វ៉ាស៊ីនតោន)៖ ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក ចេក ស៊លលីវែន (Jake Sullivan) បាននិយាយថា សហរដ្ឋអាមេរិកបានមើលឃើញ កិច្ចអត្ថាធិប្បាយរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន កាលពីពេលថ្មីៗនេះ គឺជាការបញ្ជូនសារមួយ «គួរឱ្យចាប់អារម្មណ៍»។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី២១ ខែមិថុនា ឆ្នាំ២០២១។
លោក គីម ជុងអ៊ុន កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុនបានលើកឡើងថា កូរ៉េខាងជើងត្រូវតែត្រៀមខ្លួន ប្រឈមមុខជាមួយសហរដ្ឋអាមេរិក ទាំងតាមផ្លូវចរចា និងការប្រឈមមុខដាក់គ្នា ដើម្បីការពារសេចក្ដីថ្លៃថ្នូរ និងផលប្រយោជន៍ជាតិ។ ឆ្លើយតបទៅនឹងការលើកឡើងរបស់លោក គីម លោក Jake Sullivan យល់ថា «វាហាក់ដូចជាការបញ្ជូនសារមួយ ដ៏គួរឱ្យចាប់អារម្មណ៍»។
ទីប្រឹក្សាសន្តសុខជាតិអាមេរិកខាងលើនេះ បានគូសបញ្ជាក់នៅក្នុងបទសម្ភាសន៍ ជាមួយទូរទស្សន៍ ABC News កាលពីថ្ងៃអាទិត្យថា «យើងយល់ថាការអត្ថាធិប្បាយរបស់លោក គីម ជុងអ៊ុន គឺជាការបញ្ជូនសារមួយដ៏គួរឱ្យចាប់អារម្មណ៍... ហើយយើងកំពុងរង់ចាំមើលថា តើពួកគេនឹងធ្វើទំនាក់ទំនងដោយផ្ទាល់ បន្ថែមទៀតជាមួយពួកយើង ដើម្បីបោះជំហានទៅមុខឬយ៉ាងណា»។
គួរបញ្ជាក់ថា កិច្ចចរចាស្ដីពីការរំសាយអាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ រវាងសហរដ្ឋអាមេរិក និងប្រទេសកូរ៉េខាងជើង បានជាប់គាំងចាប់តាំងពីជំនួបកំពូលរវាងលោក គីម ជុងអ៊ុន និងអតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ កាលពីខែកុម្ភៈ ឆ្នាំ២០១៩ ក្នុងប្រទេសវៀតណាម បានបិទបញ្ចប់ទៅដោយគ្មានផ្លែផ្កាអ្វីទាំងអស់។ ជំហរដែលផ្ទុយគ្នាកាលណោះ គឺកូរ៉េខាងជើងបានទាមទារឲ្យសហរដ្ឋអាមេរិក ដកទណ្ឌកម្មទាំងអស់ចេញជាមុន ខណៈសហរដ្ឋអាមេរិកវិញ បានទាមទារឲ្យកូរ៉េខាងជើង រំសាយអាវុធនុយក្លេអ៊ែរទាំងអស់ចោលជាមុន៕