(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ៤,៤២២នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ៨៦នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃចន្ទ ទី២១ ខែមិថុនា ឆ្នាំ២០២១។
ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៣៤,៤០៦,០០១ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៦១៧,១៦៦នាក់ និងជាសះស្បើយឡើងសរុប ២៨,៧១១,៣១៥លាននាក់។ សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិកគឺជាង ៣៣២លាននាក់។
ក្រោយពីអង្គការសុខភាពពិភពលោក (WHO) បានប្រកាសអំពីការរាតត្បាត កាន់ខ្លាំងឡើងៗនៃវីរុស COVID-19 បម្លែងថ្មី ឌែលតា (Delta មានប្រភពដើមនៅឥណ្ឌា) សហរដ្ឋអាមេរិកក៏កំពុងយកចិត្តទុកដាក់ខ្លាំង ចំពោះវីរុសដែលមានសមត្ថភាព អាចចម្លងយ៉ាងឆាប់រហ័ស និងបង្កឲ្យអ្នកជំងឺឈឺធ្ងន់នេះផងដែរ។ ខណៈដែលអត្រានៃការចាក់វ៉ាក់សាំង កំពុងតែធ្លាក់ចុះវិញនោះ ប្រធានាធិបតីអាមេរិកក៏ទើបប្រកាស ដើម្បីជំរុញឲ្យគ្រប់គ្នាដែលមិនទាន់បានចាក់នោះ រួសរាន់ទៅទទួលការចាក់។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបជាង ៣១៧លានដូសហើយ ជូនដល់ប្រជាជនទូទាំងប្រទេស ក្នុងនោះមនុស្សសរុបជិត ១៧៦.៧៤លាននាក់ (៥៣.៨%នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់ ១ដូស និងជិត ១៥០លាននាក់ (៤៥.៤% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕