(ម៉ូស្គូ)៖ អគ្គមេបញ្ជាការយោធាមីយ៉ាន់ម៉ា លោក មីន អោង ហ្លេង បានធ្វើដំណើរទៅដល់ទីក្រុងម៉ូស្គូ ប្រទេសរុស្ស៊ីហើយ កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ ដើម្បីចូលរួមក្នុងវេទិកាសន្តិសុខ និងជាការបំពេញដំណើរទស្សនកិច្ចទៅក្រៅប្រទេសជាលើកទី២ របស់លោក ចាប់តាំងពីមានព្រឹត្តិការណ៍រដ្ឋប្រហារមក។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២១ ខែមិថុនា ឆ្នាំ២០២១។
បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋមីយ៉ាន់ម៉ា លោក មីន អោង ហ្លេងបានចាកចេញពីទីក្រុងណៃពិដោរ តាមជើងហោះហើរពិសេសមួយ ទៅចូលរួមក្នុងសន្និសីទទីក្រុងម៉ូស្គូ សម្រាប់សន្តិសុខអន្តរជាតិ ហើយខាងប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីក៏បានទទួលស្គាល់វត្តមានរបស់លោកអគ្គមេបញ្ជាការយោធាមីយ៉ាន់ម៉ាផងដែរ។ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយ មីយ៉ាន់ម៉ាមិនបានបញ្ជាក់លម្អិតថាតើលោក មីន អោង ហ្លេង នឹងត្រូវស្នាក់នៅក្នុងទីក្រុងម៉ូស្គូប៉ុន្មានថ្ងៃនោះទេ។
គួរបញ្ជាក់ថា មីយ៉ាន់ម៉ាបានធ្លាក់ចូលក្នុងភាពចលាចលចាប់តាំងពីមានព្រឹត្តិការណ៍រដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស្របច្បាប់លោកស្រី អោង សាន ស៊ូជី កាលពីខែកុម្ភៈ មកម្លេះ ហើយក្រុមអង្គការសង្គមស៊ីវិលនៅក្នុងស្រុកបានអះអាងថា មនុស្សយ៉ាងហោច ៨៧០នាក់ បានស្លាប់នៅក្នុងការបង្រ្កាបរបស់កងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា៕