(ហាណូយ)៖ ក្រសួងសុខាភិបាលប្រទេសវៀតណាមនៅថ្ងៃអាទិត្យនេះ បានប្រកាសរកឃើញករណីឆ្លងថ្មី នៃជំងឺកូវីដ១៩ ចំនួន៣១១ករណីបន្ថែមទៀត ក្នុងនោះ១១ករណីជាករណីនាំចូល។ នេះបើតាមតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Viet Nam News នៅយប់ថ្ងៃអាទិត្យ ទី២០ ខែមិថុនា ឆ្នាំ២០២១។
ក្នុងចំណោមករណីសហគមន៍នៅថ្ងៃអាទិត្យនេះ ទីក្រុងហូជីមីញនៅតែអ្នករ៉ាប់រ៉ងច្រើនជាងគេ ជាមួយការរកឃើញករណីឆ្លងថ្មីចំនួន ១៣៧នាក់ ខណៈដែលទីក្រុងមួយនេះបានសម្រេចរឹតត្បិតវិធានការសុខាភិបាលបន្ថែមកម្រិតទៀត ដោយហាមឃាត់ការជួបជុំគ្នាដែលមានគ្នាលើសពី០៣នាក់ និងរក្សាគម្លាតពីគ្នាឲ្យមាន១.៥ម៉ែតនៅតាមទីសាធារណៈ ក៏ដូចជាហាមចេញក្រៅផ្ទះលើកលែងតែមានកិច្ចការចាំបាច់។
ចំណែកតំបន់ដែលរកឃើញករណីឆ្លងថ្មីៗច្រើនដែរនោះ រួមមានខេត្ត Bac Giang ចំនួន៩៦ករណី, ទីក្រុង Đà Nẵng ចំនួន ២៧ករណី, ខេត្ត Bac Ninh ចំនួន១៩នាក់, ខេត្ត Binh Duong ចំនួន១៣នាក់ និងខេត្ត Nghe An ចំនួន០៥នាក់ ខណៈ០៣ករណីទៀត នៅតាមខេត្តចំនួន៣ផ្សេងទៀត។
គួរបញ្ជាក់ថា ក្នុងថ្ងៃជាមួយគ្នានេះ វៀតណាមក៏បានរាយការណ៍ពីអ្នកស្លាប់ថ្មីដោយជំងឺកូវីដ១៩ ចំនួន០២នាក់ ផងដែរ។ សរុបមកវិញ គិតត្រឹមថ្ងៃសៅរ៍នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសកើនដល់ចំនួន ១៣,២១១នាក់ ក្នុងនោះស្លាប់ ៦៦នាក់៕