(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃអាទិត្យនេះបានឲ្យដឹងថា ប្រទេសវៀតណាមបានទទួលជំនួយវ៉ាក់សាំង Sinopharm ចំនួន ៥០០,០០០ដូសពីប្រទេសចិន ខណៈដែលប្រទេសនេះកំពុងបង្កើននូវការចាក់ថ្នាំបង្ការ ដើម្បីប្រយុទ្ធប្រឆាំងនឹងការឆ្លងរីករាលដាលកាន់តែខ្លាំងឡើង នៃជំងឺកូវីដ១៩។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២០ ខែមិថុនា ឆ្នាំ២០២១។
វៀតណាមបានអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំង Sinopharm របស់ចិនសម្រាប់ការប្រើប្រាស់ករណីបន្ទាន់កាលពីដើមខែមិថុនាកន្លងទៅ។
ក្រសួងសុខាភិបាលបានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា វ៉ាក់សាំងទាំងនេះនឹងត្រូវបានប្រើប្រាស់សម្រាប់ក្រុមមនុស្សចំនួន៣ គឺពលរដ្ឋចិននៅវៀតណាម, ពលរដ្ឋវៀតណាមដែលមានគម្រោងទៅធ្វើការ ឬសិក្សានៅប្រទេសចិន និងប្រជាជនដែលរស់នៅក្បែរព្រំដែនជាមួយប្រទេសចិន។
គួរបញ្ជាក់ថា កម្មវិធីចាក់ថ្នាំបង្ការក្នុងស្រុករបស់ប្រទេសវៀតណាម ដែលបានចាប់ផ្តើមក្នុងខែមីនា រហូតមកដល់ពេលនេះគឺពឹងផ្អែកយ៉ាងខ្លាំងទៅលើវ៉ាក់សាំង AstraZeneca ដែលមានចំនួនប្រហែល០៤លានដូស។
ប្រជាជនវៀតណាមជិត ២.៤លាននាក់បានចាក់វ៉ាក់សាំងកូវីដ១៩ ចំនួនមួយដូស ខណៈដែលមនុស្សចំនួន ១១៥,៣១៥នាក់បានចាក់វ៉ាក់សាំងពេញលេញ៕