(ប៉េកាំង)៖ ប្រេង និងឧស្ម័ន គឺត្រូវបានចាត់ទុកថាធនធានសំបូរមួយ នៅលើភពផែនដីនេះ ហើយក៏ជិតប្រឈមនឹងការសាបសូន្យផងដែរ នៅប៉ុន្មានទសវត្សរ៍ខាងមុខ ដោយសារតែតម្រូវរបស់មនុស្ស កើនឡើងជាលំដាប់ពីមួយថ្ងៃទៅមួយថ្ងៃ។ ជាក់ស្តែងប្រទេសចិន ជាប្រទេសមានប្រជាជនរស់នៅច្រើនបំផុតលេខ ១ លើលោក និងជាប្រទេសមានសេដ្ឋកិច្ចធំបំផុតលេខ ២ លើលោកផងដែរនោះ ត្រូវបានចាត់ទុកក្បាលម៉ាស៊ីន ដែលត្រូវការថាមពលគ្រប់យ៉ាងច្រើនបំផុត ដើម្បីទ្រទ្រង់សកម្មភាពរបស់ខ្លួន។
ក្រៅពីការបន្តនាំចូលប្រេង និងឧស្ម័នពីក្រៅប្រទេស ការស្វែងរកធនធានដែលមានស្រាប់ គឺជារឿងចាំបាច់់បំផុតមួយ ដែលមិនអាចខ្វះបានឡើយ។ នៅពាក់កណ្តាលខែមិថុនា ឆ្នាំ២០២១ ប្រទេសចិនទើបតែបានរកឃើញវាលបណ្តូងប្រេង និងឧស្ម័នថ្មីមួយ ដែលមានចំណុះ ៩០០លានតោននៅតំបន់បាសាំង ថារីម (Tarim Basin) ក្នុងតំបន់ស៉ីនជាំង ភាគពាយព្យប្រទេស ក្រោយកិច្ចប្រឹងប្រែងរុករករយៈពេល ០៦ឆ្នាំ។
ទីតាំងវាលប្រេង និងឧស្ម័នខាងលើស្ថិតនៅភាគខាងត្បូងទន្លេ Tarim និងចំកណ្តាលបេះដូងនៃវាលខ្សាច់ តាក្លាម៉ាកាន (Taklamakan) ហើយជម្រៅនៃការខួងដីនៅទីនោះគឺដល់ ៨,៤៧០ម៉ែត្រឯណោះ។ វាលខ្សាច់ Taklimakan ដែលគ្របដណ្តប់លើផ្ទៃដីសរុប ៣៣០,០០០គីឡូម៉ែត្រក្រឡា គឺជាវាលខ្សាច់ធំមួយនៅលើពិភពលោក។
យោងតាមការវាយតម្លៃចុងក្រោយបំផុត បរិមាណសរុបនៃធនធានប្រេង និងឧស្ម័នដែលស្ថិតនៅក្រោមនោះ គឺជាង ១៦.១ពាន់លានតោន នាំឲ្យវាជាកន្លែងស្តុកប្រេង និងឧស្ម័នធំបំផុតនៅប្រទេសចិន។ មកទល់ពេលនេះវាលបណ្តូងប្រេង និងឧស្ម័នសរុបច្រើនជាង ១០០កន្លែង ត្រូវបានរកឃើញនៅតំបន់វាលខ្សាច់ Taklamakan ជាមួយបរិមាណធនធានប្រេង និងឧស្ម័នប្រមាណ ១.៤ពាន់លានតោន។ គិតត្រឹមថ្ងៃព្រហស្បតិ៍ ទី១៧ ខែមិថុនា ឆ្នាំ២០២១ ប្រេង និងឧស្ម័នជាង ១៨១លានតោន ត្រូវបានបូមចេញពីទីតាំងថ្មីខាងលើ។
* តើការរកឃើញប្រេងខាងលើនេះ មានប្រយោជន៍ ឬជួយដល់សេដ្ឋកិច្ចចិនដូចម្តេចខ្លះ?
ដំណាក់កាលទី១ នៃការប្រើប្រាស់ធនធានប្រេង និងឧស្ម័ន ចេញពីតំបន់ស៊ីនជាំងខាងលើនេះ គឺបង្កើតថាមពលស្អាតសម្រាប់ប្រជាជន ទូទាំងតំបន់ភាគពាយព្យនេះរស់នៅ ប្រកបដោយភាពសុខដុម។ យោងតាមវែបសាយ CNPC របស់រដ្ឋចិន ដែលបានចុះផ្សាយកាលពីឆ្នាំ២០២០ សហគមន៍ជនជាតិភាគតិចចំនួន ១៣ ក្នុងតំបន់ស៊ីនជាំង ក្នុងនោះមានដូចជា ជនជាតិ អ៊ុយហ្គឺ, ម៉ុងហ្គោលី, ហាយ, ហ៊ុយ, កាហ្សាក់ និងកៀរហ្ស៊ីសជាដើម នឹងទទួលបានផលប្រយោជន៍ជាច្រើនមានដូចជា ការបង្កើនតម្លៃនៃឧស្ម័នធម្មជាតិ, ការលើកស្ទួយបរិស្ថាននៃការវិនិយោគ, ការបង្កើនការងារក្នុងតំបន់ និងការធានានូវការចរីភាព នៃផ្គត់ផ្គង់ឧស្ម័នធម្មជាតិ នៅតំបន់ដែលមានប្រជាជនរស់នៅជាង ២៥លាននាក់មួយនេះ។
* តើចិនអាចនាំចេញប្រេង និងឧស្ម័នទាំងនោះទៅខេត្ត ឬតំបន់ផ្សេងៗទៀតដែរឬទេ?
បច្ចុប្បន្ន ចិនគឺជាប្រទេសមួយដែលពឹងផ្អែកយ៉ាងខ្លាំងលើការនាំចូលថាមពល ដើម្បីទ្រទ្រង់ដំណើរការសេដ្ឋកិច្ចរបស់ខ្លួន ជាពិសេសគឺការនាំចូលប្រេងពីបណ្ដា ប្រទេសក្នុងតំបន់មជ្ឈិមបូព៌ា ។ ដូច្នេះការរកឃើញកំណប់ប្រេង និងឧស្ម័នខាងលើអាចនឹងកាន់តែធ្វើឱ្យចិនមានឯករាជ្យភាពខាងវិស័យថាមពល ហើយអាចនឹង ប្រែខ្លួនពីប្រទេសអ្នកនាំចូល ទៅជាប្រទេសនាំចេញប្រេងដ៏ធំ ដូចដែលសហរដ្ឋអាមេរិកធ្លាប់បានធ្វើក៏ថាបាន ព្រមទាំងអាចប្រើប្រាស់ធនធានទាំងនេះជាអាវុធ ភូមិសាស្ត្រនយោបាយទៀតផង។
តែអ្វីដែលសំខាន់នោះគឺក្នុងរយៈពេលខ្លី ឬមធ្យម ចិនប្រហែលជាត្រូវបំពេញតម្រូវការទីផ្សារនៅក្នុងស្រុកដ៏ធំ និងសេដ្ឋកិច្ចជាតិជាមុនសិនហើយ មុននឹងចាប់ផ្ដើម គិតពីផ្សារនៅក្រៅស្រុក។
គួរបញ្ជាក់ថា កាលពី៦ឆ្នាំមុន ទិន្នផលប្រេងឆៅប្រចាំឆ្នាំដែលចិនទាញចេញពីតំបន់ប្រេងថ្មីៗ បានកើនឡើងពី ៣០,០០០តោន ១.៥២លានតោន នៅក្នុងឆ្នាំ ២០២០ ហើយចិនរំពឹងថានឹងផលិតប្រេងឆៅបាន២លានតោននៅឆ្នាំ២០២១នេះ៕
ប្រភព៖ Global Times (ថ្ងៃអាទិត្យ ទី២០ ខែមិថុនា ឆ្នាំ២០២១)