(ហ្សាការតា)៖ ក្រសួងសុខាភិបាលឥណ្ឌូណេស៉ីនៅថ្ងៃសៅរ៍នេះ បានឲ្យដឹងថា ឥណ្ឌូណេស៉ីនឹងទទួលបានវ៉ាក់សាំងចំនួន៥០លានដូស ពីក្រុមហ៊ុន Pfizer-BioNTech ដោយបាច់ដំបូងត្រូវរំពឹងថានឹងមកដល់ នៅសីហាខាងមុខនេះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃសៅរ៍ ទី១៩ ខែមិថុនា ឆ្នាំ២០២១។

លោកស្រី Siti Nadia Tarmizi មន្រ្តីជាន់ខ្ពស់នៃក្រសួងសុខាភិបាលឥណ្ឌូណេស៉ី បានប្រាប់ថា វ៉ាក់សាំង Pfizer-BioNTech នឹងចាប់ផ្តើម មកដល់ប្រទេសឥណ្ឌូណេស៉ី នៅខែសីហា ដោយក្នុងមួយខែនឹងមកដល់ចន្លោះ៧.៥-១២លានដូស ហើយលោកស្រីបានបន្ថែមទៀតថា វ៉ាក់សាំង៥០លានដូសនេះ គឺជាការទិញពីក្រុមហ៊ុនផ្ទាល់ដោយរដ្ឋាភិបាលឥណ្ឌូណេស៉ី។

ប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ឥណ្ឌូណេស៉ីបានប្រឈមនឹងការសន្ទុះឡើងជាថ្មី នៃការឆ្លងរាតត្បាត COVID-19។ កាលពីថ្ងៃសុក្រសប្តាហ៍ នេះ ឥណ្ឌូណេស៉ីបានរាយការណ៍ អត្រាឆ្លងប្រចាំថ្ងៃដ៏ខ្ពស់បំផុតគឺ១២,៩៩០ករណី គិតចាប់តាំងពីខែមករា ដើមឆ្នាំនេះ។ ប្រទេសអាស៊ាន មួយនេះ មានករណីឆ្លង COVID-19 សរុបជិត២លាននាក់ ក្នុងនោះស្លាប់៥៤,២៩១នាក់ ដែលជាតួលេខច្រើនជាងគេ ប្រចាំនៅអាស៉ីអាគ្នេយ៍។

គួរបញ្ជាក់ថា ឥណ្ឌូណេស៉ី ដែលមានចំនួនប្រជាជនប្រហែល២៧០លាននាក់ មានគោលដៅចាក់វ៉ាក់សាំង ប្រជាជនឲ្យបានដល់១៨១.៥នាក់ នៅត្រឹមឆ្នាំក្រោយ ខណៈគិតត្រឹមថ្ងៃសៅរ៍នេះ មនុស្ស១២.២លាននាក់ បានទទួលការចាក់វ៉ាក់សាំងគ្រប់ដូស៕